(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារកំពុងរៀបចំឲ្យមានការបោះពុម្ពវិក័យប័ត្រ សម្រាប់បង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំ ហើយចែកជូនពលរដ្ឋដល់លំនៅដ្ឋាន ក្នុងរយៈពេលមួយឆ្នាំម្ដង។

ការបោះពុម្ពវិក័្កយប័ត្រអចលនទ្រព្យ ហើយចែកជូនទៅលំនៅដ្ឋានរៀងៗខ្លួន របស់ប្រជាពលរដ្ឋនេះ ត្រូវបានលោក គង់ វិបុល អះអាងថា ដើម្បីកុំឲ្យប្រជាពលរដ្ឋ ភ្លេចកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។

ការបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីប្រកាសកែសម្រួលភារកិច្ច និងតែងតាំងថ្នាក់ដឹកនាំ សាខាពន្ធខណ្ឌនៃរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡវនេះ យើងខ្ញុំកំពុងតែណែនាំឲ្យអង្គភាពក្រោមឱវាទពន្ធដារ ធ្វើការបោះពុម្ពវិក័្កយប័ត្រ អចលនទ្រព្យដែលមាន ផ្ញើជូនទៅលំនៅដ្ឋានរៀងៗខ្លួន ដូចវិក័្កយប័ត្រទឹក និងភ្លើង ដើម្បីកុំឲ្យភ្លេចបង់ពន្ធជូនរដ្ឋ»

ជាមួយគ្នានេះ លោកក៏បានសុំកិច្ចសហការជាមួយអាជ្ញាធរ គ្រប់លំដាក់ថ្នាក់ ក្នុងករណីរកមិនឃើញ អគ្គនាយកដ្ឋានពន្ធដារ ក៏សូមផ្ញើទៅសាលាសង្កាត់ ឬក៏ខណ្ឌ ដើម្បីជួយរកលំនៅដ្ឋានរបស់ផងដែរ។

លោក គង់ វិបុល បានគូសបញ្ជាក់ថា ការធ្វើបែបនេះ របស់អគ្គនាយកដ្ឋានពន្ធដារ ក៏ជាគុណប្រយោជន៍ នៃការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ដើម្បីមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការផ្ដល់សេវាបានល្អ៕