(ប៉េកាំង)៖ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃច័ន្ទថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដល់ទៅ ៤,៨ភាគរយ ប៉ុន្តែរដ្ឋាភិបាលចិនបានព្រមានពីការកើតមាន «បញ្ហាប្រឈមធំៗ» នៅខាងមុខ ខណៈដែលការបិទខ្ទប់ដើម្បីបង្ការជំងឺកូវីដ-១៩ ចាប់ផ្តើមបញ្ចេញផលប៉ះពាល់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងពិភពលោកមួយនេះបានបាត់បង់សន្ទុះក្នុងឆមាសទី២ ឆ្នាំមុន ដោយសារការធ្លាក់ចុះវិស័យអចនលទ្រព្យ និងការបង្រ្កាបបទប្បញ្ញត្តិ ដែលទាញទម្លាក់កំណើនសេដ្ឋកិច្ច។
ការិយាល័យស្ថិតិជាតិ (NBS) របស់ប្រទេសចិនបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចដែលសម្រេចបាននៅត្រីមាសទី១ នេះមានអត្រាលើសពីការរំពឹងទុក ដោយបានកើនឡើង ៤,៨ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយការចំណាយក្នុងពេលបុណ្យចូលឆ្នាំចិន និងផលិតកម្មរោងចក្រកើនឡើង។
ទោះជាយ៉ាងណា សេដ្ឋកិច្ចចិនហាក់បីដូចជាជួបប្រទះស្ថានភាពមិនល្អក្នុងរយៈពេលខាងមុខ ជាមួយនឹងការដាក់ចេញវិធានការកូវីដសូន្យរបស់ទីក្រុងប៉េកាំងដើម្បីទប់ស្កាត់ការផ្ទុះជំងឺ ដែលបានបង្កឱ្យមានការរាំងស្ទះដល់ខ្សែចង្វាក់ផ្គត់ផ្គង់ និងការបិទខ្ទប់មនុស្សរាប់សិបលាននាក់ រួមទាំងនៅក្នុងតំបន់មជ្ឈមណ្ឌលសេដ្ឋកិច្ចនានាដូចជាទីក្រុងសៀងហៃ និងទីក្រុងហ្សិនចិន និងទីក្រុងជីលីន ដែលជាទីផ្សារ គ្រាប់ធញ្ញជាតិស្ថិតនៅភាគឦសានប្រទេសផងដែរ។
ការរឹតបន្តឹងដើម្បីទប់ស្កាត់មេរោគក្នុងខែមីនាបានប៉ះពាល់ដល់ការលក់រាយ ដោយសារអ្នកប្រើប្រាស់គេចចេញពីការដើរទិញឥវ៉ាន់ និងជំរុញឱ្យភាពអត់ការងារធ្វើកើនឡើង។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Fu Linghui អ្នកនាំពាក្យការិយាល័យ NBS ដែលបានថ្លែងនៅថ្ងៃចន្ទថា៖ «ជាមួយនឹងស្ថានភាពក្នុងស្រុកនិងអន្តរជាតិកាន់តែស្មុគស្មាញ និងមានភាពមិនច្បាស់លាស់ ការអភិវឌ្ឍសេដ្ឋកិច្ចកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមធំៗ»។
ជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ចរបស់រុស្ស៊ីបង្កើនហានិភ័យមន្រ្តីចិនដើម្បីសម្រេចបានទិសដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ទីក្រុងប៉េកាំងដែលមានប្រហែល ៥,៥ ភាគរយ។
ទិន្នន័យរបស់ការិយាល័យ NBS បានបង្ហាញថា កំណើនផលិតកម្មឧស្សាហកម្មបានថយចុះមកត្រឹម ៥ ភាគរយនៅក្នុងខែមីនា ដែលធ្លាក់ចុះពីខែមករា និងខែកុម្ភៈ។ ទន្ទឹមនឹងនេះដែរ ការលក់រាយបានធ្លាក់ចុះ ៣,៥ភាគរយ ហើយអត្រាគ្មានការងារធ្វើនៅទីក្រុងបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ២២ខែ គឺ ៥,៨ភាគរយកាលពីខែមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕