(ម៉ានីល)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងនៅថ្ងៃពុធថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ទំនងជានឹងមានសន្ទុះយឺតយ៉ាវជាងការព្យាករកន្លងមក ដោយសារមានការរំពឹងថា សង្រ្គាមនៅអ៊ុយក្រែននឹងរារាំងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់តំបន់នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយធនាគារ ADB ថា សេដ្ឋកិច្ចរួមបញ្ចូលគ្នារបស់ប្លុកនេះ ដែលរួមមានទាំងប្រទេសចិន និងឥណ្ឌាផងដែរនោះ ត្រូវបានព្យាករថានឹងកើនឡើង ៥,២ភាគរយនៅឆ្នាំនេះ ដោយធ្លាក់ចុះបន្តិចពីការព្យាករនៅក្នុងខែធ្នូដែលថាមានកំណើន ៥,៣ភាគរយ ហើយទាបជាងខ្លាំងធៀបនឹងកំណើន ៦,៩ភាគរយកាលពីឆ្នាំមុន។ នៅឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់តំបន់នេះត្រូវបានព្យាករថានឹងកើនឡើង ៥,៣ភាគរយ។

ធនាគារ ADB បានឱ្យដឹងនៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីរបស់ខ្លួនថា៖ «ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានរំខានយ៉ាងខ្លាំងដល់ទស្សនវិស័យរបស់តំបន់អាស៊ីដែលកំពុងអភិវឌ្ឍន៍ ដែលនៅតែប្រឈមនឹងជំងឺកូវីដ-១៩»

ធនាគារដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលនេះបានឱ្យដឹងទៀតថា កត្តាផ្សេងទៀតក៏អាចរារាំងដល់ចក្ខុវិស័យកំណើនរបស់ក្នុងតំបន់នេះផងដែរ រួមទាំងការកើនឡើងជាបន្តបន្ទាប់នៃតម្លៃទំនិញ ការកើនឡើងហានិភ័យស្ថិរភាពហិរញ្ញវត្ថុដែលអាចបណ្តាលមកពីការដំឡើងអត្រាការប្រាក់ដ៏តក់ក្រហល់នៅសហរដ្ឋអាមេរិក និងការលេចឡើងនៃវីរុសប្រភេទថ្មីនៃជំងឺកូវីដ-១៩។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕