(ក្រុងឡុងដ៍)៖ ប្រេងឆៅបានកើនឡើងដល់ ១០៥ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការបញ្ចេញប្រេងពីស្តុកប្រេងបម្រុងយុទ្ធសាស្រ្តដោយប្រទេសអ្នកប្រើប្រាស់បានបរាជ័យក្នុងការលុបបំបាត់ការភ័យខ្លាចនៃការផ្គត់ផ្គង់ដែលកើតឡើងពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងកង្វះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការលុកលុយទៅលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈបានបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងដែលកំពុងជំរុញតម្លៃរួចហើយនោះ។ ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី និងការជៀសវាងរបស់អ្នកទិញប្រេងពីការទិញប្រេងរបស់រុស្ស៊ីបាននាំឱ្យមានការធ្លាក់ចុះទិន្នផលប្រេង និងបង្កើនការភ័យខ្លាចនៃការបាត់បង់ការផ្គត់ផ្គង់ប្រេងកាន់តែច្រើនជាងនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Stephen Brennock បម្រើការងារនៅក្រុមហ៊ុនឈ្មួញជើងសារប្រេង PVM ថា៖ «តើការបញ្ចេញប្រេងឆៅពីស្តុកបម្រុងយុទ្ធសាស្ត្រនឹងបំពេញកង្វះខាតដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម និងការមិនទិញប្រេងរបស់រុស្ស៊ីពីសំណាក់អ្នកទិញដែរឬទេ? មិនអាចទេ»។

ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ៩២សេន ឬ ០,៩ភាគរយដល់ ១០៥,៣១ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅប្រភេទ West Texas Intermediate របស់អាមេរិកបានឡើងថ្លៃ ៦៣សេន ឬ ០,៦ភាគរយដល់ ៩៩,៩ដុល្លារក្នុងមួយបារ៉ែល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រេងឆៅបានធ្លាក់ចុះថ្លៃប្រហែល ១៣ភាគរយកាលពីសប្តាហ៍មុនបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសពីការបញ្ចេញប្រេងពីស្តុកបម្រុងយុទ្ធសាស្រ្តក្នុងបរិមាណច្រើនមិនធ្លាប់មាន និងខណៈពេលដែលប្រទេសជាសមាជិកពីរផ្សេងទៀតរបស់ទីភ្នាក់ងារថាមពលអន្តរជាតិបានប្តេជ្ញាចិត្តបញ្ចេញប្រេងពីស្តុកបម្រុងបន្ថែមទៀត។ ប្រេងឆៅបានឡើងថ្លៃដល់ ១៣៩ដុល្លារក្នុងមួយបារ៉ែលកាលពីខែមុន ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨មក។

លោក Carsten Fritsch បម្រើការងារនៅធនាគារ Commerzbank បានសរសេរនៅក្នុងរបាយការណ៍មួយថា៖ «ការបញ្ចេញប្រេងពីស្តុកដ៏ច្រើនចំនួន ១លានបារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេល ៦ ខែតែនៅក្នុងសហរដ្ឋអាមេរិក ទំនងជានឹងធានាថា ទីផ្សារប្រេងនឹងលែងជួបវិបត្តិផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរនៅក្នុងត្រីមាសទីពីរ និងទីបីហើយមែនទេ»។

ការឡើងថ្លៃប្រេងនេះក៏ត្រូវបានជំរុញផងដែរដោយសារការរផ្អាកកិច្ចពិភាក្សាដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ ដែលការសម្រេចបានការចរចាណាមួយនឹងជួយឱ្យមានការដកទណ្ឌកម្មលើប្រេងអ៊ីរ៉ង់។ អ៊ីរ៉ង់កាលពីថ្ងៃចន្ទបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការផ្អាកការចរចានេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕