(មណ្ឌលគិរី)៖ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលនឹងរួមចំណែកបង្កើនកេរ្តិ៍ឈ្មោះ និងបង្កើនជំនឿទំនុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់។

ពិធីប្រកាសដាក់ឱ្យប្រាស់ជាផ្លូវការនៃបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីលោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងតំណាងអង្គទូត អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ប្រធានសមាគម និងមន្រ្តីរាជការជុំវិញខេត្តជាច្រើនរូបផ្សេងទៀត។

នៅក្នុងពិធីនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានសម្ដែងការអបអរសាទរ កោតសរសើ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលគួរជាទីមោទនៈ ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហការយ៉ាងល្អក្នុងភាពជាដៃគូ ក្នុងនោះមានក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ និងមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ព្រមទាំងមានការគាំទ្រពីរដ្ឋបាលខេត្តមណ្ឌលគិរី និងដៃគូអភិវឌ្ឍន៍ ដូចជា៖ អង្គការ WWF, USAID, BMZ, EU, AFD, WIPO និង CIRD។

លោករដ្ឋមន្ត្រីបន្តថា ក្រសួងពាណិជ្ជកម្មបានកំណត់យកទឹកឃ្មុំព្រៃមណ្ឌលគិរី ចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមកិច្ចគាំទ្រពីអង្គការដៃគូរអភិវឌ្ឍន៍ ដោយបានរៀបចំឯកសារគតិយុត្ត ដូចជាការរៀបចំចងក្រងសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សៀវភៅបន្ទុកទឹកឃ្មុំព្រៃមណ្ឌលគិរី ការកំណត់តំបន់ភូមិសាស្រ្តនៃការប្រមូលផលទឹកឃ្មុំ រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងឯកសារពាក់ព័ន្ធផ្សេងៗ។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីគោលបំណងនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ផងដែរ។ គោលបំណងនោះរួមមាន៖
១៖ ផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅលើទីផ្សារជាតិ និងអន្តរជាតិ
២៖ អភិរក្សចំណេះដឹង-ចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់ប្រជាកសិករនិងសហគមន៍ជនជាតិពូនង ក្នុងខេត្តមណ្ឌលគិរី តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក «ទឹកឃ្មុំព្រៃមណ្ឌលគិរី»
៣៖ ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ចូលរួមអភិរក្សតំបន់ព្រៃការពារ និងធនធានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ
៤៖ លើកកម្ពស់គុណភាពនិងស្តង់ដារអនាម័យនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី»
៥៖ បង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ គឺជាការធានាផ្លូវច្បាប់ដើម្បីឱ្យការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំផលិតផលទឹកឃ្មុំព្រៃមណ្ឌលគិរី ដើម្បីបង្កើនកេរ្តិ៍ឈ្មោះទឹកឃ្មុំព្រៃមណ្ឌលគិរី និងបង្កើនជំនឿទំនុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ចុងក្រោយ»

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា «ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ មិនត្រឹមតែជាអត្តសញ្ញាណផលិតផលរបស់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរីតែមួយប៉ុណ្នោះទេ ប៉ុន្តែវានឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាក្នុងឆាកអន្តរជាតិផងដែរ»

លោករដ្ឋមន្ត្រី ក៏បានរំលឹកដែរថា ការថែរក្សា និងធានាកេរ្តិ៍ឈ្មោះ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» រួមនឹងការទាញអត្ថប្រយោជន៍ពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ គឺអាស្រ័យលើការទទួលខុសត្រូវរបស់សមាជិកម្នាក់ៗនៅក្នុងសហគមន៍ ដែលចាំបាច់ត្រូវមានសាមគ្គីភាព ភាពស្មោះត្រង់ សុចរិត និងអភិបាលកិច្ចគ្រប់គ្រងល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ទើបម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ផ្តល់នូវគុណតម្លៃពិតប្រាកដ ព្រមទាំងធានានូវនិរន្តភាពសម្រាប់អ្នកជំនាន់ក្រោយ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មានសក្តានុពលចំនួន០៤ រួមមាន៖ «ម្រេចកំពត» «ស្ករត្នោតកំពង់ស្ពឺ» «ក្រូចថ្លុងកោះទ្រង់» និង «ទឹកឃ្មុំព្រៃមណ្ឌលគិរី»។ ក្រសួងក៏គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត រួមមាន៖ «អំបិល និងផ្កាអំបិលកំពត» «បង្កងតាកែវ» និង «ទឹកត្រីកំពត»។

ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រសួង ក៏បានចុះបញ្ជីម៉ាកសមូហភាពលើទំនិញចំនួន ០៣ប្រភេទផងដែរ រួមមាន៖ «គុយទាវភ្នំពេញ» «អំបុកកំពង់ធំ» និង «អង្ករព្រះវិហារ»។ ក្រសួង ក៏បាននិងកំពុងរៀបចំចុះបញ្ជីម៉ាកសមូហភាពលើទំនិញមួយចំនួនទៀតរួមមាន៖ «ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល» «ក្រូចពោធិ៍សាត់» «នំបញ្ចុកសៀមរាប» និង «ដូងខ្ទិះបាត់ដំបង»។

ទន្ទឹមនឹងនេះ ក្រសួងបានកំណត់ផលិតផលសក្តានុពលជាច្រើន ដូចជា៖ «អង្ករបាត់ដំបង» «អង្ករកំពង់ស្ពឺ» «អង្ករនាងអំ» «អង្ករស្មាច់ស្វាយរៀង» «ក្តាមកោះកុង» «ស្វាយចន្ទីកំពង់ធំ» «សូត្រភ្នំស្រុក» «ប្រហុកសៀមរាប»។ល។ នៅក្នុងផែនការសកម្មភាពការងារ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកសិកម្មកម្ពុជាក្នុងទីផ្សារអន្តរជាតិ តាមការកសាងកេរ្តិ៍ឈ្មោះជា «ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ» «ម៉ាកសមូហភាព» និង «ម៉ាកវិញ្ញាតកម្ម» ក្នុងគោលបំណងបញ្ជាក់អំពី អត្តសញ្ញាណនៃប្រភពដើមផលិតកម្មបំពាក់លើផលិតផលដែលដាក់លក់នៅលើទីផ្សារ។ ការធ្វើបែបនេះ វាមិនត្រឹមតែផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់និងពង្រីកទីផ្សារក្រៅប្រទេសនោះទេ ប៉ុន្តែម៉ាកទាំងនេះ នឹងក្លាយជាអត្តសញ្ញាណរបស់កម្ពុជា អាចទាក់ទាញទេសចរណ៍មកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចបង្កើនប្រភពចំណូលដើម្បីលើកកម្ពស់ប្រជាពលរដ្ឋបន្ថែមទៀតផងដែរ។

សូមជម្រាបជូនថា រួមជាមួយនឹងពិធីសម្ពោធនេះ ក៏មានការចូលរួមដាក់តាំងបង្ហាញ និងលក់ផលិតផលម៉ាកសមូហភាព «អង្ករព្រះវិហារ» និងផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ម្រេចកំពត» «ស្ករត្នោតកំពង់ស្ពឺ» «ក្រូចថ្លុងកោះទ្រង់» និង «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងម៉ាកសមូហភាព «អំបុកកំពង់ធំ» ព្រមទាំងផលិតផលកសិកម្មផ្សេងៗទៀតជាច្រើន។ ជាមួយគ្នានេះ បន្ទាប់ពីចប់អង្គពិធី លោករដ្ឋមន្រ្តី និងគណៈប្រតិភូ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា បានអញ្ជើទៅទស្សនាដោយផ្ទាល់អំពីការបង្ហាញពីរបៀបប្រមូលទឹកឃ្មុំព្រៃមណ្ឌលគិរី របស់ផលិតករនៅសហគមន៍ត្រពាំងក្អើមផងដែរ៕