(ភ្នំពេញ)៖ លោក ឡេង សេងឡន អនុប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលទើបតែដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលថ្មីៗនេះ សមាជិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា បានឯកភាពគ្នាក្នុងការផ្ដល់កម្ចី ដល់បុគ្គលម្នាក់ មិនឲ្យលើសពី៣គណនីឡើយ។

ការបញ្ជាក់របស់លោក សេងឡន ធ្វើឡើងក្នុងកម្មវិធីកិច្ចពិភាក្សា ស្តីពីវិស័យធនាគារ និងហិរញ្ញវត្ថុ ក្រោមប្រធានបទ៖ «ការទប់ស្កាត់បំណុលច្រើនលើសលុប និងយន្តការការពារអតិថិជន តាមរយៈក្រមប្រតិបត្តិក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ប្រាក់កម្ចី»

លោក ឡេង សេងឡុន បានបញ្ជាក់ថា «បច្ចុប្បន្ននេះជាគោលការណ៍រួម ដែលគ្រប់សមាជិកទាំងអស់ បានធ្វើការឯកភាពគ្នាជារួម គឺបុគ្គលម្នាក់អាចប្រើកម្ចីពីគ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុ មិនឲ្យលើសពី៣គណនី»

ការកំណត់ឲ្យចំនួនគណនីកម្ចី សម្រាប់បុគ្គលម្នាក់ៗ មិនឲ្យលើសពី៣គណនីនេះ ធ្វើឡើងដើម្បីទប់ស្កាត់បំណុលលើសលុបរបស់អតិថិជន ដែលរត់រកកម្ចីនៅច្រើនស្ថាប័ន។

តែយ៉ាងណា ក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ផ្តល់អាទិភាពដល់បុគ្គលដែលចាត់ទុកថាមានចំណេះដឹងហិរញ្ញវត្ថុ ហើយជាអ្នកប្រើប្រាស់កម្ចីកម្រិតខ្ពស់ គឺអាចទទួលយកនូវកម្ចីលើសពី៣បាន។ នេះបើតាមលោក សេងឡន។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញនូវការជឿជាក់ថា ក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ប្រាក់កម្ចី ដែលត្រូវបានដាក់ឲ្យអនុវត្តន៍នេះ នឹងជួយទប់ស្កាត់បាននូវបញ្ហាបំណុលច្រើនលើសលុប របស់អតិថិជន ប្រសិនបើអតិថិជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុវត្តន៍ក្រម និងវិធាននេះបានល្អ។

លោកបន្តថា «គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអថិតិជន ត្រូវស្គាល់អំពីក្រមប្រតិបត្តិវិស័យធនាគារ និងហិរញ្ញវត្ថុ ស្គាល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឲ្យបានច្បាស់។ ធនាគារត្រូវអនុវត្តន៍ធ្វើយ៉ាងណា កុំឲ្យកម្ចីរបស់អតិថិជនច្រើនលើសលុប មានគណនីច្រើនលើស ពីអ្វីដែលយើងកំណត់ ហើយនៅពេលអតិថិជនមានបញ្ហា ត្រូវធ្វើយ៉ាងឲ្យចេះគោរពគ្នាទៅវិញទៅមក ដោះស្រាយគ្នាដោយសន្តិវិធី ដើម្បីឈ្នះៗទាំងអស់គ្នា»

លោកប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជំរុញដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអតិថិជន ត្រូវតែគិតថា ភាគីទាំង២ ជាដៃគូមិនអាចខ្វះគ្នាបាន «អតិថិជនជោគជ័យ ស្ថាប័នធនាគារ និងហិរញ្ញវត្ថុជោគជ័យ» ត្រូវចេះសហការគ្នាអនុវត្តន៍នូវគោលការណ៍ច្បាប់ ដែលបានចែង៕