(សិង្ហបុរី)៖ តម្លៃប្រេងនៅថ្ងៃចន្ទសប្តាហ៍នេះបានឡើងថ្លៃដល់តម្លៃខ្ពស់បំផុតគិតចាប់ពីឆ្នាំ២០០៨មក បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធអឺរ៉ុបរបស់ខ្លួនពិចារណាហាមឃាត់ការទិញប្រេងរបស់រុស្ស៊ី ខណៈការពន្យាការវិលចូលក្នុងទីផ្សារពិភពលោកវិញរបស់ប្រេងឆៅអ៊ីរ៉ង់បានជំរុញឱ្យក្តីបារម្ភអំពីការផ្គត់ផ្គង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ៨,៤៦ដុល្លារ ឬ ៧,២ភាគរយដល់ ១២៦,៥៧ដុល្លារក្នុងមួយបារ៉ែលនៅព្រឹកថ្ងៃចន្ទ ខណៈប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានឡើងថ្លៃ ៧,៦៥ដុល្លារ ឬ ៦,៦ភាគរយដល់ ១២៣,៣៣ដុល្លារក្នុងមួយបារ៉ែល។

មុនពេលធ្លាក់ចុះមកវិញមកនៅត្រឹមតម្លៃខាងលើនេះ ក្នុងរយៈពេលប៉ុន្មាននាទីដំបូងក្នុងការជួញដូរប្រេងនៅព្រឹកថ្ងៃចន្ទ សន្ទស្សន៍តម្លៃប្រេងឆៅទាំងពីរប្រភេទនេះបានកើនឡើងដល់ជាង ១០ដុល្លារបន្ថែមទៀតក្នុងមួយបារ៉ែលដល់តម្លៃខ្ពស់បំផុតដែលធ្លាប់កើតមាននៅខែកក្កដា ឆ្នាំ២០០៨ ដោយប្រេងឆៅប្រភេទ Brent ត្រូវបានជួញដូរក្នុងតម្លៃ ១៣៩,‌៣ដុល្លារ ខណៈដែល WTI ជួញដូរក្នុងតម្លៃ ១៣០,៥ដុល្លារក្នុងមួយបារ៉ែល។

លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិក និងអឺរ៉ុបកំពុងរុករកវិធីហាមឃាត់ការនាំចូលប្រេងរបស់រុស្ស៊ី ហើយសេតវិមានបានសម្របសម្រួលជាមួយគណៈកម្មការសំខាន់ៗរបស់សភាឱ្យធ្វើការងារលើការហាមឃាត់ផ្ទាល់ខ្លួនរបស់គណៈម្មការទាំងនោះ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Blinken ដែលបានថ្លែងក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា៖ «យើងឥឡូវកំពុងពិភាក្សាគ្នាយ៉ាងសកម្មជាមួយដៃគូអឺរ៉ុបរបស់យើងអំពីការហាមឃាត់ការនាំចូលប្រេងរុស្ស៊ីមកកាន់ប្រទេសរបស់យើង ខណៈដែលក្នុងពេលជាមួយគ្នានេះដែររក្សាការផ្គត់ផ្គង់ប្រេងក្នុងពិភពលោកឱ្យមានស្ថិរភាព»

តម្លៃប្រេងពិភពលោកបានកើនឡើង ៦៥ភាគរយគិតចាប់ពីដើមឆ្នាំ២០២២មក រួមជាមួយតម្លៃទំនិញផ្សេងៗទៀត ដែលបង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំងអំពីកំណើនសេដ្ឋកិច្ចពិភពលោក និងអតិផរណារួមនឹងដំណើរមិនចម្រើនខាងផ្នែកសេដ្ឋកិច្ច (stagflation)។

ទាក់ទងនឹងការចរចាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់វិញ ការចរចាបានស្ថិតក្នុងភាពមិនច្បាស់លាស់នៅថ្ងៃអាទិត្យចុងសប្តាហ៍មុន បន្ទាប់ពីរុស្ស៊ីទាមទារឱ្យអាមេរិកធានាថា ទណ្ឌកម្មដែលខ្លួនបានប្រឈមជុំវិញជម្លោះនៅអ៊ុយក្រែន នឹងមិនប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ខ្លួនជាមួយអ៊ីរ៉ង់។ ប្រទេសចិនក៏បានលើកឡើងការទាមទារថ្មីៗផងដែរ។

ជាការឆ្លើយតបនឹងការទាមទាររបស់រុស្ស៊ី លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានឱ្យដឹងនៅថ្ងៃអាទិត្យថា ទណ្ឌកម្មទាំងនេះដែលបានដាក់លើរុស្ស៊ីដោយសារឈ្លានពានអ៊ុយក្រែន មិនមាអ្វីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើយ។ នេះបើយោងទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕