(ភ្នំពេញ)៖ ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានសមាគមធនាគារ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២២នេះ ដែលរំពឹងថានឹងចូលរួមទប់ស្កាត់បំណុលលើសលុប ឬកាត់បន្ថយការជាប់បំណុលវណ្ឌ.ករបស់ពលរដ្ឋកម្ពុជា និងការពារអតិថិជនដែលងាយរងគ្រោះ។

ការប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» ក្នុងគោលបំណងចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
លើសពីនេះទៀត ក្រមនេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ក្នុងការសម្រេចឲ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុមួយមានស្ថិរភាព ប្រសិទ្ធភាព និងពិពិធកម្មទីផ្សារ ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការសេវាហិរញ្ញវត្ថុក្នុងប្រទេស គាំទ្រដល់និរន្តភាពនៃកំណើនសេដ្ឋកិច្ច បង្កើនប្រាក់ចំណូលដល់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ។

ក្នុងពិធីសម្ពោធប្រើប្រាស់ជាផ្លូវការនូវ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ បានផ្តោតយ៉ាងសំខាន់ ទៅលើហិរញ្ញប្បទានដោយទំនួលខុសត្រូវ និងការអនុវត្តវិធានផ្តល់ឥណទាន ដើម្បីកាត់បន្ថយតនូវហានិភ័យ នៃបំណុលច្រើនលើសលុប តាមរយៈការពង្រឹងគុណភាពទិន្នន័យឥណទាន ការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងវិជ្ជាជីវៈ ដោយដាក់កម្រិតការបញ្ចេញឥណទានរបស់គ្រឹះស្ថានក្នុងស្តង់ដារមួយ ដើម្បីធ្វើការកំណត់កម្រិតបំណុលត្រួតស៊ីគ្នា និងកំណត់កម្រិតនៃការធ្វើបុនហិរញ្ញប្បទាន។ ដើម្បីធានាថាគ្រឹះស្ថានហិរវញ្ញវត្ថុទាំងអស់អនុលោមទៅតាមវិធានផ្តល់ឥណទាននោះ សមាគមទាំងពីរក៏បានបង្កើតយន្តការតាមដាន ត្រួតពិនិត្យវាយតម្លៃនៃការអនុវត្តវិធាន តាមរយៈការបង្កើត dashboard ដើម្បីធ្វើការគ្រប់គ្រងត្រួតពិនិត្យវាយតម្លៃ។

លោកបានគូសបញ្ជាក់ថា «ស្ថាប័ននីមួយៗមុនពេលដែលគាត់ឱ្យទៅអតិថិជនខ្ចី គាត់ត្រូវវិភាគគ្រប់ជ្រុងជ្រោយ ជាពិសេសវិភាគអំពីលំហូរសាច់ប្រាក់របស់អតិថិជន ថាតើអតិថិជនមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីអាចសងទៅតាមពេលវេលាដែលបានកំណត់។ ទី២ ថាតើអតិថិជនមានបំណុលច្រើនប៉ុន្មានហើយ ប្រសិនបើគាត់មានបំណុលពី៣ស្ថាប័ន គឺស្ថាប័នទី៤ មិនអាចឱ្យគាត់ខ្ចីបានទេ គឺមានន័យថា យើងបិទច្រកគាត់តែប៉ុណ្ណឹង។ ប្រសិនបើអតិថិជនម្នាក់ហ្នឹង គាត់មានឥណទានរួចហើយទើបតែខ្ចីបានកន្លះឆ្នាំ ហើយគាត់ទៅធ្វើបុនហិរញ្ញប្បទាន ឬទៅខ្ចីស្ថាប័នដទៃផ្សេងទៀតតម្លើងចំនួនទឹកលុយហ្នឹង ច្រើនលើសលប់ ក៏ស្ថាប័នទី២ ហ្នឹង ត្រូវធ្វើការពិចារណាឱ្យគ្រប់ជ្រុងជ្រោយដែរពីហានិភ័យ។ អីចឹងនៅក្នុងក្រមរបស់យើងក៏បានចែងដែរ សភាពនេះធនាគារមិនត្រូវបានលើកទឹកឱ្យអតិថិជន ធ្វើកម្ចីម្តងទៀតទៅស្ថាប័នផ្សេងនោះទេ»

លោបន្តថា ជាមួយគ្នានេះនៅក្នុងក្រមនេះ បានចែងយ៉ាងច្បាស់ឱ្យមានការប្រមូលបំណុល ប្រកបដោយក្រមសីលធម៌ខ្ពស់ មិនមានការបង្ខិតបង្ខំ គម្រាមកំហែងដល់អតិថិជនឡើយ ប្រសិនបើអតិថជនមានបំណុលឬកម្ចីមិនអាចសងរួច បុគ្គលិកធនាគារត្រូវធ្វើការសិក្សាស្វែងយល់សិក្សា ឱ្យបានស៊ីជម្រៅពីបញ្ហាដែលអតិថិជនបានជួបប្រទះ។ ប្រសិនមន្រ្តីឥណទានធ្វើខុសក្រមនេះ នឹងធ្វើតាមវិធានការរដ្ឋបាលទៅតាមកំហុស ប្រសិនខុសធ្ងន់ធ្ងរអាចឈានទៅដល់ការបញ្ឈប់ជាបន្ទាន់ផងដែរ។

លោកសង្ឃឹមថា បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុនឹងជំរុញឱ្យកំណើន ក្នុងវិស័យធនាគារក្នុងឆ្នាំ២០២២នេះ កើនឡើងជាងឆ្នាំ២០២១។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ អតិថិជនម្នាក់ដែលខ្ចី១ស្ថាប័ន មាន៧៧.៦% អតិថជនម្នាក់ដែលខ្ចី២ស្ថាប័នមាន១៨% អតិថជិនម្នាក់ខ្ចី៣ស្ថាប័នមាន៣.៧% និង អតិថិជនម្នាក់ខ្ចីរហូតដល់៤ស្ថាប័នមាន០.៤%។

លោកបន្ថែមថា «យើងតាមដានដឹងទាំងអស់ព័ត៌មានហ្នឹង យើងនាំគ្នាទប់ស្កាត់ចង់ឱ្យមានបំណុលលើសលប់ទេ មានប្រព័ន្ធគ្រប់គ្រាន់ ប៉ុន្តែមួយចំណែកពឹងផ្អែកទៅលើអតិថិជនខ្លួនឯងដែរ ដែលត្រូវផ្តល់ព័ត៌មានឱ្យច្បាស់ ពេលគាត់ចង់បានឥណទានច្រើន គាត់ផ្តល់ព័ត៌មានមិនច្បាស់លាស់ គាត់អត់មានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ យើងពិបាកក្នុងការតាមដានដែរ។»

«ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» ត្រូវបានបង្កើតជាលើកដំបូងដោយធនាគារចំនួន ១៥ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៥។ ប្រាំឆ្នាំក្រោយ ដោយមើលឃើញអំពីភាពចាំបាច់នៅក្នុងការជំរុញ និងពង្រឹងកិច្ចការពារអតិថិជន និងដើម្បីធានាបាននូវនិរន្តរភាពវិស័យធនាគារ និងហិរញ្ញវត្ថុ ទើបនៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារកម្ពុជា កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ បានសម្រេចលើគម្រោងជាមួយសមគមមីក្រូហិរញ្ញវត្ថុ ដើម្បីបង្កើតក្រមប្រតិបត្តិនៃវិស័យធនាគារហិរញ្ញវត្ថុនេះឡើង បានអនុម័តដោយក្រុមប្រឹក្សាភិបាលសមាគមធនាគារកម្ពុជា នៅខែកក្កដា ឆ្នាំ ២០២១៕