(សៀមរាប)៖ ភ្ញៀវទេសចរអន្តរជាតិចម្រុះជាតិសាសន៍សរុប១៦៩នាក់បានមកដល់ទស្សនាខេត្តសៀមរាប និងរមណីយដ្ឋានអង្គរ តាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Smile Thai ១ជើង និង Singapore Airlines ១ជើង ក្នុងថ្ងៃជាមួយ។ នេះបើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ។

លោក ង៉ូវ សេង កាក់ បានបញ្ជាក់ថា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានជើងហោះហើរចុះចតចំនួន២ជើង ក្នុងនោះរួមមានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ និងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines របស់ប្រទេសសិង្ហបុរី។

លោកប្រធានមន្ទីរបានបន្តថា សម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Smile បានហោះហើរចេញពីទីក្រុងបាងកកមកកាន់ខេត្តសៀមរាប ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបនាវេលាម៉ោង៨៖២០នាទី ដោយក្នុងនោះមានអ្នកដំណើរសរុប៦៤នាក់ មាន១៧សញ្ជាតិ។

សម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានហោះហើរចេញពីប្រទេសសិង្ហបុរីមកកាន់ខេត្តសៀមរាប ចុះចតអាកាសយានដ្ឋានអន្តរជាតិសៀមរាបនាវេលាម៉ោង៣៖៣៤នាទី ដោយក្នុងនោះមានអ្នកដំណើរសរុបចំនួន១០៥នាក់ មាន១៩សញ្ជាតិ។

លោកបានបន្តទៀតថា ចំពោះជើងហោះហើរ Thai Smile ចេញពីខេត្តសៀមរាបទៅកាន់បាងកកវិញ ហោះឡើងវេលាម៉ោង៩៖២៨នាទី អ្នកដំណើរសរុបចំនួន២០នាក់ ក្នុងនោះមាន៩សញ្ជាតិ។ រីឯជើងហោះហើរ Singapore Airlines ចេញពីសៀមរាបទៅកាន់សិង្ហបុរីវិញ ហោះឡើងវេលាម៉ោង៤៖៣៧នាទី អ្នកដំណើរសរុបចំនួន៩០នាក់ ក្នុងនោះមាន១៨សញ្ជាតិ។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងទេសចរណ៍ក៏បានចេញប្រកាសព័ត៌មានថា ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ នឹងចាប់ផ្តើមហោះហើរឡើងវិញពីទីក្រុងបាងកកមកកាន់ខេត្តសៀមរាប និងពីខេត្តសៀមរាបទៅកាន់ទីក្រុងបាងកក ចាប់ពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២តទៅ៕