(ប៉េកាំង)៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានផ្អាក និងកំពុងពិនិត្យមើលឡើងវិញទៅលើសកម្មភាពទាំងអស់ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងបេឡារុស ក្នុងគ្រាដែលមានសង្គ្រាមរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយធនាគារ AIIB ថា ថ្នាក់គ្រប់គ្រងរបស់ធនាគារដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងនេះនឹងធ្វើកិច្ចការឱ្យអស់ពីលទ្ធភាពរបស់ខ្លួនដើម្បីការពារសុចរឹតភាពហិរញ្ញវត្ថុរបស់ធនាគារពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលកំពុងវិវត្តនេះ។

ធនាគារ AIIB បានឱ្យដឹងថា៖ «ស្ថិតក្នុងកាលៈទេសៈទាំងនេះ និងដើម្បីជាប្រយោជន៍ប្រសើរបំផុតរបស់ធនាគារ ថ្នាក់គ្រប់គ្រងបានសម្រេចចិត្តថា រាល់សកម្មភាពទាំងអស់ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងប្រទេសបេឡារុសត្រូវផ្អាក និងស្ថិតក្រោមការពិនិត្យមើលឡើងវិញ»។

ប្រទេសចិនគឺជាម្ចាស់ភាគហ៊ុនធំបំផុតនៅក្នុងធនាគារអភិវឌ្ឍន៍មួយនេះដោយកាន់កាប់ភាគហ៊ុន ២៦,៥ភាគរយនៃភាគហ៊ុនមានសិទ្ធិបោះឆ្នោតរបស់ធនាគារនេះ៕