(បាងកក)៖ គណៈកម្មការអចិន្ត្រៃយ៍រួមទទួលបន្ទុកពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចថៃត្រូវបានរំពឹងថានឹងធ្លាក់ចុះមកនៅត្រឹម ២,៥ភាគរយពីទិសដៅដែលបានព្យាករកន្លងមកពី ៣-៤,៥ភាគរយ ហើយអតិផរណានឹងកើនឡើងដល់ ៣ភាគរយ ដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីលោក Supant Mongkolsuthree ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) ដែលធ្វើជាប្រធានកិច្ចប្រជុំគណៈកម្មការ JSCCIB ថា រដ្ឋាភិបាលគួរពិចារណាស្វែងរកកម្ចីបន្ថែមយ៉ាងហោចណាស់ ១ទ្រីលានបាត (ប្រហែល ៣០ប៊ីលានដុល្លារ) ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃថាមពល និងជំរុញសេដ្ឋកិច្ច ដែលនឹងត្រូវបានរងប៉ះពាល់ដោយសង្គ្រាម។

លោកថ្លែងថា ជម្លោះរវាងអ៊ុយក្រែននិងរុស្ស៊ី «មានភាពធ្ងន់ធ្ងរនិងអូសបន្លាយពេលយូរជាងការរំពឹងទុក»។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha កន្លងមកបានសម្រេចចិត្តកាត់បន្ថយពន្ធគយលើប្រេងម៉ាស៊ូតពាក់កណ្តាលរយៈពេល ៣ខែ បន្ទាប់ពីមូលនិធិប្រេងឥន្ធនៈដែលត្រូវបានប្រើប្រាស់ដើម្បីផ្តល់ឧបត្ថម្ភធនលើតម្លៃប្រេងបានចាប់ផ្តើមធ្លាក់ចុះទាប។ ជាធម្មតាពន្ធគយលើប្រេងម៉ាស៊ូតមានអត្រា ៥,៩៩បាតក្នុងមួយលីត្រ។

មូលនិធិប្រេងឥន្ធនៈបានទទួលរួចហើយនូវកម្ចី ២០ប៊ីលានបាតពីធនាគារពាណិជ្ជមួយចំនួន និងកម្ចីបណ្តោះអាសន្ន ១០ប៊ីលានបាតផ្សេងទៀតដើម្បីគាំទ្រកម្មវិធីឧបត្ថម្ភរបស់ខ្លួន។

គណៈកម្មការ JSCCIB កំពុងពិនិត្យមើលផលប៉ះពាល់ពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនទៅលើសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចថៃក្នុងរយៈពេលបីខែខាងមុខ។

កាសែតបាងកប៉ុស្តិ៍បានរាយការណ៍ថា ផលប៉ះពាល់នេះបានបង្កឱ្យគណៈកម្មការ JSCCIB ទម្លាក់ទិសដៅព្យាករកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ២០២២ របស់ខ្លួនពី ៣-៤,៥ភាគរយមកនៅត្រឹម ២,៥-៤,៥ភាគរយ ហើយអតិផរណារំពឹងថានឹងកើនឡើងដល់ ២-៣ភាគរយ ពី ១,៥-២,៥ភាគរយ។

លោក Supant មានប្រសាសន៍ថា៖ «តម្លៃប្រេងពិភលោកកាន់តែខ្ពស់នឹងបង្កើនថ្លៃដើមផលិតកម្ម ដែលនាំឱ្យមានកំណើនអតិផរណា»៕