(ភ្នំពេញ)៖ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ (២០១៧ -២០២១) ប្រទេសកម្ពុជា បាននាំអង្ករចេញ ទៅកាន់ប្រទេសរុស្សី បានចំនួន១៧,៥១២តោន។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

របាយការណ៍បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២១ បរិមាណអង្ករកម្ពុជាដែលបានលក់ ទៅកាន់ប្រទេសរុស្សីមាន ចំនួន២,២២៣តោន ដែលគិតជាទឹកប្រាក់មានចំនួន១ ៩៦៣ ៦៤០ ដុល្លារសហរដ្ឋអាមេរិក។

របាយការណ៍បានបន្ថែមទៀតថា សម្រាប់ខែមករា និងខែកុម្ភៈ នៃឆ្នាំ២០២២ បរិមាណអង្ករដែលបាននាំចេញ ទៅកាន់ប្រទេសរុស្សី មានចំនួនត្រឹមតែ២០០តោន ដែលគិតជាទឹកប្រាក់មានចំនួន២០០ ៦៤០ដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកការនាំអង្ករចេញ ទៅកាន់ប្រទេសអ៊ុយក្រែន បានបរិមាណតិចតួចបំផុតត្រឹមតែ៥៧២តោនតែប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំ។

ពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន លោក លន់ យ៉េង អគ្គលេខាធិការនៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា អាចមានបញ្ហាទៅលើអង្ករកម្ពុជា បើសិនជាមានទណ្ឌកម្មច្រើន ទៅលើប្រទេសរុស្ស៉ី ពិសេសទណ្ឌកម្មលើប្រព័ន្ធធនាគារដែលពិបាកធ្វើការទូទាត់។

ទោះបីជាយ៉ាងនេះក្ដី លោក លន់ យ៉េង បានឲ្យដឹងទៀតថា វាក៏មិនមានការប៉ះពាល់ច្រើននោះទេ ដោយសារតែទីផ្សារអង្កររបស់កម្ពុជា ទៅប្រទេសរុស្សី មានបរិមាណតិចតួច ដែលមានត្រឹមប្រមាណជាង២ពាន់តោន ក្នុងមួយឆ្នាំប៉ុណ្ណោះ៕