(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា មានការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ និងបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់» ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

ពិធីនេះ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារជំនាញពាក់ព័ន្ធ លោក វ៉ាន់ ឆារស៍ តំណាងសមាគម អ្នកសាងសង់ កម្ពុជា, ឧកញ៉ា គួច ផេង តំណាងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងវត្តមានចូលរួម របស់លោកឧកញ៉ា លោក លោកស្រី និងនាងកញ្ញា ជាអភិបាល តំណាងសហគ្រាសនិងចូលរួមតាមប្រព័ន្ធអនឡាញ (Zoom Meeting) ប្រមាណជាង ១០០០នាក់ ព្រមទាំងផ្សាយផ្ទាល់តាមរយៈ Facebook Live របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានអ្នកចូលទស្សនាផ្ទាល់ប្រមាណជាង ១២០០ នាក់។

លោកប្រតិភូរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានបង្ហាញថា ក្នុងឆ្នាំ២០២១ កន្លងមកនេះ ទោះបីជាសេដ្ឋកិច្ចកម្ពុជា មិនទាន់មានភាព ប្រាកដប្រជា ជាពិសេស នៅក្នុងបរិការណ៍នៃការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងរលកនៃការរីករាលដាល និងបំប្លែងឥតឈប់ឈរ នៃមេរោគកូវីដ១៩ និងក្នុងអំឡុងខែមេសា ឆ្នាំ២០២១ មានការបិទខ្ទប់នៃតំបន់មួយចំនួននៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតំបន់មួយចំនួនទៀត អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធ-អាករគ្រប់ប្រភេទ ជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២១ មានចំនួន ១១ ២៦៦,៧៩ ប៊ីលានរៀល (ប្រមាណជា ២ ៧៨១,៩២ លានដុល្លារ) ធៀបនឹងផែនការច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឃើញថា ពោលគឺលើសផែនការចំនួន ២៤,០២% ស្មើនឹង ២ ១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥ លានដុល្លារ។

លោកប្រតិភូរដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បញ្ជាក់ថា លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ គឺផ្តើមចេញពី អភិបាលកិច្ចល្អ (Good Governance) ដោយផ្តោតលើ រដ្ឋបាលកិច្ចល្អ (Good Administration) និង ប្រសិទ្ធភាពនៃភាពជាអ្នកដឹកនាំ (Effective Leadership) ដោយមានការគាំទ្រយ៉ាងពេញទំហឹង និងដឹកនាំចង្អុល បង្ហាញប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការយកចិត្តទុកដាក់ និងដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដាក់ផែនការយ៉ាងមុតស្រួច លើការអនុវត្តកំណែទម្រង់សំខាន់ៗ និងវិធានការជាយុទ្ធសាស្ត្រនាពេលកន្លងមក ដែលបានជំរុញនិងលើកកម្ពស់អនុលោមភាពសារពើពន្ធ និងធានាបាននូវការប្រកួតប្រជែងដោយស្មើភាពក្នុងចំណោមមជ្ឈដ្ឋានវិនិយោគ។

ខ្លឹមសារសំខាន់ៗ នៃសុន្ទរកថាគន្លឹះ របស់លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៖

* ថ្វីត្បិតតែក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តប្រកាន់ខ្ជាប់នូវគោលជំហរ ផ្ដល់សេវាជូន អ្នកជាប់ពន្ធប្រកបដោយគុណភាពខ្ពស់ ក្នុងនោះ ពង្រឹងការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងតាមអនឡាញ រួមមាន ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing និង ToI E-Filing), បង់ប្រាក់ពន្ធតាមអនឡាញ (E-Payment System), បញ្ជូនឯកសារអេឡិចត្រូនិក (E-Documents Submission System), ការស្នើសុំលិខិតបញ្ជាក់ និងវិញ្ញាបនបត្រពន្ធដារនានាតាមអនឡាញ, ការអនុវត្តប្រព័ន្ធគ្រប់គ្រងពន្ធប្រថាប់ត្រា និងការផ្ទេរកម្មសិទ្ធិយានជំនិះ តាមអនឡាញ, ត្រួតពិនិត្យនិងតាមដានឯកសារ (GDT Check & Track App) និងសេវាពិគ្រោះយោបល់ជូន អ្នកជាប់ពន្ធតាម គ្រប់រូបភាព ជាអាទិ៍ Call Center 1277, GDT Live Chat, បណ្ដាញសង្គម Facebook, និងបណ្ដាញ ផ្សព្វផ្សាយនានាសរុបចំនួន ១២៦,៦៦៥ ករណី ក្នុងឆ្នាំ២០២១

* ចំណូលប្រព័ន្ធផ្ទៀងផ្ទាត់អាករលើតម្លៃបន្ថែម (VAT Cross Check) ហើយបានចូលរួមចំណែកដ៏សំខាន់ ចំពោះនិរន្តរភាពនៃចំណូលពន្ធ

* ការដំឡើងឧបករណ៍វាស់ចំណុះ (Flowmeter) ស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុល របស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) អនុលោមតាមប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាបាននូវតម្លាភាព និងការប្រកួតប្រជែងស្មើភាព

* វិក្កយបត្រសំណាង (Invoice Lottery System) សាធារណជនទូទៅគឺជាដៃគូពង្រឹងអនុលោមភាពសារពើពន្ធ តាមរយៈការចូលរួមពង្រឹងការអនុវត្តវិធានវិក្កយបត្រ ដោយគ្រាន់តែថតរូប និងបញ្ជូនវិក្កយបត្រ នៅពេលលោក-លោកស្រី បានទិញទំនិញឬសេវា ហើយមានឱកាសឈ្នះរង្វាន់ ដែលនឹងចាប់ឆ្នោតផ្សងសំណាងរៀងរាល់ខែ

* បានរៀបចំយន្តការកំណត់អត្តសញ្ញាណអចលនទ្រព្យ (Property ID) ដើម្បីបញ្ជាក់ថា អចលនទ្រព្យនីមួយៗ បានបង់ពន្ធរួចរាល់ ចៀសវាងការលក់ដូរអចលនទ្រព្យដោយមិនបានបង់ពន្ធ សម្រាប់គម្រោងសាងសង់ លំនៅឋានសម្រាប់លក់

* ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ (ពន្ធផ្លូវប្រចាំឆ្នាំ) តាមអនឡាញ និងដឹកជញ្ជូនសាលកបត្រដល់គេហដ្ឋាន (GDT Delivery App)

* ការក្រើនរំលឹកពាក់ព័ន្ធនឹងអនុលោមភាពសារពើពន្ធ បទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ ថាកន្លងមកមាន សហគ្រាសមួយចំនួនតូច មិនបានចុះបញ្ជីឲ្យបានត្រឹមត្រូវ និងរហូតបង្កើតជាផែនការគេចវេះពន្ធ (Tax Evasion Scheme) រៀបចំកិច្ចសន្យានិងវិក្កយបត្រក្លែងក្លាយ ក្នុងគោលដៅកាត់បន្ថយការបង់ពន្ធ អាចនឹងក្លាយជាគោលដៅនៃការស៊ើបអង្កេត ចំពោះបទល្មើសព្រហ្មទណ្ឌ និងករណីធ្ងន់ធ្ងរអាចឈានដល់បទល្មើស សម្អាតប្រាក់។

អង្គសិក្ខាសាលានេះ បានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ ទី១៖ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដោយបានបង្ហាញអំពី វិធានគណនេយ្យ ការទទួលស្គាល់ចំណូល-ចំណាយ, ទី២៖ ការបំពេញទម្រង់លិខិតប្រកាសពន្ធប្រចាំឆ្នាំ ដោយបានបង្ហាញអំពី ទម្រង់នៃការប្រកាសពន្ធ ការបំពេញ ដោយផ្អែកលើនិទ្ទេសនីមួយៗ និងទី៣៖ បទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ ដោយបានបង្ហាញអំពីសញ្ញាណ នៃបទល្មើសពន្ធដារ និងទោសទណ្ឌ បទល្មើសសម្អាតប្រាក់ និងទោសទណ្ឌ ព្រមទាំងមូលដ្ឋានគតិយុត្តនៃអំណាចក្នុងការស៊ើបអង្កេតនិងប្តឹងចោទប្រកាន់។

ក្នុងឱកាសនេះ ផងដែរ ក៏មានវេទិកាសំណួរ-ចម្លើយ ដែលបានផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់លើកឡើង ជាសំណួរចំពោះការចូលរួមដោយផ្ទាល់ តាមប្រព័ន្ធអនឡាញ Zoom Meeting ក៏ដូចជាតាម Facebook Live អាចលើកឡើងជាសំណួរតាមរយៈ Comment ក្នុងការផ្សាយផ្ទាល់ ហើយបានទទួលចម្លើយយ៉ាងក្បោះក្បាយ៕