(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

លោក ជា ចាន់តូ បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក Nguyen Huy Tang ដែលត្រូវបានតែងតាំងឱ្យមកបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសនៅក្នុងវិស័យធនាគារ។

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលវៀតណាមតែងតែរៀបចំកិច្ចប្រជុំទ្វេភាគីជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃ កិច្ចសហប្រតិបត្តិការ និងបានដាក់ចេញនូវផែនការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។

ក្នុងកិច្ចជំនួបពិភាក្សាការងារនោះលោក ជា ចាន់តូ បានកោតសរសើរធនាគារពាណិជ្ជវៀតណាមនៅកម្ពុជា ដែលបានរួមចំណែកគោរពច្បាប់ និងបទប្បញ្ញតិ្ត និងការអភិវឌ្ឍវិស័យធនាគារ ព្រមទាំងចូលរួមក្នុងកិច្ចការសង្គមនានា។

លោក ជា ចាន់តូ បានឲ្យដឹងថា ធនាគារកណ្តាលទាំងពីរក៏កំពុងអភិវឌ្ឍប្រព័ន្ធទូទាត់ ជាពិសេសជំរុញការទូទាត់អេឡិកត្រូនិច ដើម្បីសម្រួលពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ក៏ដូចជាការទូទាត់នានានៅតាមព្រំដែន។

កន្លងមកក្រោមការគាំទ្ររបស់រដ្ឋាភិបាល និងស្ថានទូតវៀតណាម កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ ត្រូវបានលើកកម្ពស់ជាលំដាប់ លើចំណុចសំខាន់ៗបីរួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស, សមាហរណកម្មវិស័យធនាគារ និងការអភិវឌ្ឍប្រព័ន្ធទូទាត់ ជាពិសេសការជំរុញការទូទាត់អេឡិកត្រូនិច។

គិតរហូតដល់បច្ចុប្បន្នមានមន្ត្រីធនាគារជាតិនៃកម្ពុជាចំនួន២៣រូប បានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ពីប្រទេសវៀតណាម។
ដោយឡែក ធនាគារពាណិជ្ជវៀតណាមចំនួន៥ និងការិយាល័យតំណាងចំនួន១កំពុងមានប្រតិបត្តិការនៅកម្ពុជា។

លោកទេសាភិបាល បានជម្រាបជូនពីសេដ្ឋកិច្ចកម្ពុជា ដែលសម្រេចបាននៅឆ្នាំ២០២១កន្លងទៅ ដោយកំណើនសេដ្ឋកិច្ចបានងើបឡើងវិញ ហើយអត្រាអតិផរណាមានកម្រិតទាប អាចគ្រប់គ្រងបានប្រមាណ៣% ជាមួយការរក្សាស្ថិរភាពតម្លៃប្រាក់រៀល ដែលបានការពារអំណាចទិញនៃប្រាក់រៀល។ ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា ក៏បានបន្តអនុវត្តគោលនយោបាយគាំទ្រ ដល់ការងើបឡើងនៃសេដ្ឋកិច្ចផងដែរ។

លោកបានបញ្ជាក់ថា ម៉្យាងទៀតក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់មេដាយដល់អតីតជំនាញការវៀតណាម (Commission K) ដែលបានរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជាឡើងវិញក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០។

ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់លោកទេសាភិបាល ដែលបានគាំទ្រធនាគារពាណិជ្ជវៀតណាមនៅកម្ពុជា និងបានរួមចំណែកពង្រឹងសហប្រតិបត្តិការ ក្នុងវិស័យធនាគារនៃប្រទេសទាំងពីរ ដែលរួមចំណែកគាំទ្រ ដល់ការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងការវិយោគទ្វេភាគី។

លោកបានអបអរសាទរ ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ របស់សម្តេចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ដែលបានធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា មានការកើនឡើងយ៉ាងឆាប់រហ័ស។

លោកបានកត់សម្គាល់ថា វិស័យធនាគារពិតជាបានរួមចំណែកជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ហើយទោះបីស្ថិតក្នុងអំឡុងពេលកូវីដ១៩ក៏ដោយ ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានបន្តកើនឡើងជិត១០ប៊ីលានដុល្លារអាមេរិក។

ឯកអគ្គរដ្ឋទូតក៏បានអញ្ជើញលោកទេសាភិបាល និងគណៈប្រតិភូធនាគារជាតិនៃកម្ពុជា ទៅទស្សនកិច្ចនៅសាធារណរដ្ឋវៀតណាម ក៏ដូចជាលើកទឹកចិត្តឱ្យមានការធ្វើទស្សនកិច្ចទៅវិញទៅមកបន្ទាប់ពីវិបត្តិកូវីដ-១៩បានធូរស្រាល៕