Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាសេដ្ឋីរុស្ស៊ី ជំទាស់ទៅនឹងការដាក់ទណ្ឌកម្ម ដោយគ្មានមូលដ្ឋានរបស់អឺរ៉ុបមកលើខ្លួន (Video inside)

03-03-2022 09:53

(ក្រុងឡុងដ៏)៖ បន្ទាប់ពីមហាសេដ្ឋីរុស្ស៊ីមួយចំនួនត្រូវបានកាត់ផ្តាច់ពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក មហាសេដ្ឋី Mikhail Fridman និងមហាសេដ្ឋី Pyotr Aven បានប្តេជ្ញាថានឹងជំទាស់ទៅនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលបានដាក់មកលើខ្ឡួនជាសងសឹកទៅនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីថ្ងៃចន្ទ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើលោក Fridman និងលោក Aven ដែលមហាសេដ្ឋីទំាំងពីរនាក់នេះគឺជាដៃគូរកស៊ីជាមួយគ្នាជាយូរមកហើយលើវិស័យប្រេង ធនាគារ និងលក់រាយ។ មហាសេដ្ឋីទាំងពីរបាននិយាយថា ការចោទប្រកាន់របស់សហភាពអឺរ៉ុបមិនត្រឹមត្រូវ និងប៉ះពាល់ដល់ពួកគេ និងថា ពួកគេនឹងប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មទាំងនោះ។

លោក Fridman ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ទណ្ឌកម្មទាំងនេះគ្មានមូលដ្ឋាន និងអយុត្តិធម៌។ ខ្ញុំមិនដឹងថាតើខ្ញុំនឹងត្រូវបានដាក់ទណ្ឌកម្មដោយអង់គ្លេស និងអាមេរិកទៀរឬអត់នោះទេ។ ខ្ញុំសង្ឃឹមថា វានឹងមិនកើតឡើងទៅចុះ»

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក Fridman ហៅសង្រ្គាមនៅអ៊ុយក្រែនថាជាមហន្តរាយមួយ និងបានថ្លែងថា វាគួរតែត្រូវបានបញ្ឈប់ ប៉ុន្តែលោកមិនអត្ថាធិប្បាយបន្ថែមឡើយ ដោយលើកឡើងពីភាពរសើបក្នុងការនិយាយអំពីនយោបាយនៅរុស្ស៊ី។

លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ នោះគឺជាមហាន្តរាយដ៏ធំមួយចំពោះអ្វីដែលកំពុងកើតឡើង។ សង្គ្រាមគួរត្រូវបានបញ្ឈប់»

លោក Fridman មិនបានលើកឡើងនោះទេអំពីរបៀបដែលលោក និងលោក Aven នឹងជំទាស់ចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ នៅក្នុងសេចក្តីប្រកាសរួមគ្នាមួយ លោក Fridman និងលោក Aven បានឱ្យដឹងថា ពួកខ្លួននឹង «ប្រឆាំងទៅនឹងមូលដ្ឋានខុស និងគ្មានមូលដ្ឋាននេះចំពោះការការដាក់ទណ្ឌកម្មទាំងនេះ តាមរយៈមធ្យោបាយគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន»

មេដឹកនាំប្រទេសលោកខាងលិចនិយាយថា ការដាក់ទណ្ឌកម្មលើមហាសេដ្ឋីរុស្ស៊ីដាក់សម្ពាធលើលោក Putin បើទោះជាមហាសេដ្ឋីជាច្រើននិយាយថា ប្រទេសលោកខាងលិចមានភាពឆោតល្ងង់ដែលគិតថា លោក Putin នឹងស្តាប់យោបល់របស់អ្នកជំនាញ ជាពិសេសអំពីបញ្ហាសន្តិសុខជាតិ។

លោក Fridman ថ្លែងថា៖ «ទោះជាអ្វីកើតឡើងចំពោះរូបខ្ញុំ នឹងមិនមានផលប៉ះពាល់ណាមួយលើការសម្រេចចិត្តផ្នែកនយោបាយក្នុងប្រទេសរុស្ស៊ីឡើយ»។ លោកបានចោទជាសំណួរថា ហេតុអ្វីបានជាជនជាតិរុស្ស៊ី ដោយគ្រាន់តែពួកគេជាជនជាតិរុស្ស៊ី គួរត្រូវបានទប់ស្កាត់មិនឱ្យធ្វើជំនួញក្រៅប្រទេសរុស្ស៊ី។

ថ្មីនេះៗទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សហភាពអឺរ៉ុបបានចាត់ទុកមហាសេដ្ឋី Aven «ថាជាមហាសេដ្ឋីជិតស្និទ្ធម្នាក់ជាមួយលោក Vladimir Putin» និងថា លោក Fridman «គឺជាហិរញ្ញិករុស្ស៊ីកំពូលម្នាក់ និងជាអ្នកស្ថិតនៅក្នុងមជ្ឈដ្ឋានខាងក្នុងរបស់លោក Putin»។

លោក Aven ថ្លែងថា វាមិនត្រឹមត្រូវទេដែលសហភាពអឺរ៉ុបនិយាថា លោកគឺជា «មិត្តជិតស្និទ្ធពិសេស» របស់លោក Igor Sechin ដែលជាអគ្គនាយកក្រុមហ៊ុនប្រេងរុស្ស៊ី Rosneft។ លោក Fridman ថ្លែងថា វាមិនត្រឹមត្រូវទេដែលថាលោកមាន «ទំនាក់ទំនងស្អិតរមួត» ជាមួយរដ្ឋាភិបាលរបស់លោក Vladimir Putin នោះ។

មហាសេដ្ឋិទាំងពីរបានបដិសេធថាមាន «ទំនាក់ទំនងផ្នែកហិរញ្ញវត្ថុ ឬនយោបាយណាមួយជាមួយប្រធានាធិបតី Putin ឬវិមានក្រឹមឡាំង»