(រីយ៉ាដ)៖ អង្គការប្រទេសនាំចេញប្រេង (OPEC) និងប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងកិច្ចប្រជុំតូចមួយបានព្រមព្រៀងគ្នាបង្កើនការផ្គត់ផ្គង់ប្រេងក្នុងបរិមាណតិចតួចសម្រាប់ខែមេសា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

គណៈប្រតិភូមួយក្រុមបានឱ្យដឹងដោយស្នើសុំមិនបញ្ចេញឈ្មោះថា សម្ព័ន្ធមិត្តដែលមានប្រទេសចំនួន ២៣ និងដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតនេះ នៅថ្ងៃពុធបានអនុម័តការដំឡើងទិន្នផលប្រេងចំនួន ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដែលជាការបន្តស្តារទិន្នផលប្រេងឡើងវិញជាសន្សឹមៗ ដែលបានផ្អាកដំឡើងដោយសារការរាតត្បាតជំងឺកូវីដ-១៩។

ការបង្កើនការផ្គត់ផ្គត់ប្រចាំខែតិចតួចនេះ ទំនងជាងមិនសូវសំខាន់ឡើយនៅក្នុងទីផ្សារដែលញ៉ាំញីដោយការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន និងវិធានការប្រឆាំងរបស់ប្រទេសអ្នកប្រើប្រាស់ប្រេងដូចជា ការបញ្ចេញប្រេងពីស្តុកយុទ្ធសាស្រ្តជាដើម។

បើទោះជាការឈ្លានពាននេះមិនបានជំរុញឱ្យមានការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចលើការនាំចេញថាមពលរបស់រុស្ស៊ីក្តី ក៏មានការកើនឡើងសញ្ញាថា ភាពស្ទាក់ស្ទើរក្នុងចំណោមពាណិជ្ជករ និងម្ចាស់កប៉ាល់ដឹកប្រេងដែលដឹកប្រេងរបស់រុស្ស៊ី អាចមិនចង់ពាក់ព័ន្ធនឹងប្រេងរុស្ស៊ី។

មុនពេលមានកិច្ចប្រជុំរបស់ក្រុមប្រទេស OPEC+ កន្លងមក ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្ថិតនៅក្រោម សម្ពាធពីអាមេរិកឱ្យបង្កើនទិន្នផលប្រេងឱ្យបានលឿនជាងនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

នៅថ្ងៃពុធនេះ ប្រេងឆៅប្រភេទ Brent បានឡើងថ្លៃ ៥,៣ដុល្លារដល់ ១១០,២៣ដុល្លារក្នុងមួយបារ៉ែល ខណៈ ដែល ប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានឡើងថ្លៃ ៥,០២ដុល្លារដល់ ១០៨,៤១ដុល្លារក្នុងមួយបារ៉ែល៕