(ហូស្តុន)៖ ក្រុមហ៊ុនថាមពលអាមេរិក Exxon Mobil បានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួននឹងចាកចេញពីប្រតិបត្តិការប្រេងនិងឧស្ម័ននៅប្រទេសរុស្ស៊ី ដែលមានតម្លៃជាង ៤ប៊ីលានដុល្លារ និងផ្អាកការវិនិយោគថ្មីដោយសារការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការសម្រេចចិត្តនេះនឹងមើលឃើញក្រុមហ៊ុន Exxon ដកខ្លួនពីការគ្រប់គ្រងទីតាំងប្រតិបត្តិការប្រេងនិងឧស្ម័នធំបំផុតនៅលើកោះ Sakhalin នៅតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៊ី និងបណ្តាលឱ្យទីតាំងផលិតកម្មឧស្ម័នធម្មជាតិតម្លៃរាប់លានដុល្លារដែលត្រូវបានស្នើឡើងមួយនៅទីនោះស្ថិតក្នុងអនាគតមិនច្បាស់លាស់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុនថា៖ «យើងថ្កោលទោសចំពោះវិធានការយោធារបស់រុស្ស៊ីដែលរំលោភបូរណភាពទឹកដីរបស់អ៊ុយក្រែន និងបង្កគ្រោះថ្នាក់ដល់ប្រជាជនអ៊ុយក្រែន»

ផែនការចាកចេញរបស់ក្រុមហ៊ុន Exxon ធ្វើឡើងបន្ទាប់ពីមានក្រុមហ៊ុនរបស់ប្រទេសលោកខាងលិចផ្សេងទៀតរាប់ចាប់ពីក្រុមហ៊ុន Apple និងក្រុមហ៊ុន Boeing រហូតដល់ក្រុមហ៊ុន BP PLC ក្រុមហ៊ុន Shell និងក្រុមហ៊ុន Equinor ASA របស់ប្រទេសន័រវែស ដែលបានផ្អាកអាជីវកម្ម ឬប្រកាសផែនការបោះបង់ប្រតិបត្តិការរបស់ខ្លួននៅរុស្ស៊ី៕