(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឬទ្ធី សេដ្ឋីក្នុងវិស័យកសិកម្ម បានលើកទឹកចិត្តឱ្យកសិករប្តូរការដាំពូជស្វាយកែវរមៀត មកដាំស្វាយពូជស្វាយផ្សេងៗវិញដូចជា ណាំដកម៉ៃ អេវិន អាយវិន និង ប៉ោមអូស្ត្រាលី ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ដោយសារតែបច្ចុប្បន្ននេះ ស្វាយកែវរមៀតបានធ្លាក់ថ្លៃយ៉ាងខ្លាំង ស្របពេលដែលតម្លៃជី ថ្នាំកសិកម្ម និងប្រេងឥន្ធនៈកំពុងឡើងថ្លៃ។

ឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងថា បច្ចុប្បន្នផ្លែស្វាយកែវមៀតបានធ្លាក់ថ្លៃ ដែលមិនធ្លាប់ជួបប្រទះពីមុន។ ជាក់ស្ដែងស្វាយកែវរមៀត លក់បានត្រឹមតែ៤០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ទៅឲ្យឈ្មួញវៀតណាម កាលពីថ្ងៃទី២៧ ខែកុម្ភៈ បើធៀបនឹងកាលពីពេលកន្លងមក ស្វាយកែវរមៀត អាចលក់បានជាមធ្យមពី ៨០០ទៅ១២០០រៀល។

លោកបានបញ្ជាក់ថា «ចង់ឲ្យកសិករយើងប្តូរពូជស្វាយកែវរមៀត ដែលលក់បានតម្លៃមិនដល់ ១ ០០០រៀលផងក្នុងមួយគីឡូក្រាម មកប្តូរពូជស្វាយណាំដកម៉ៃ អេវិន អាយវិន និងប៉ោមអូស្ត្រាលី ដើម្បីបំពេញសេចក្តីត្រូវការទីផ្សារក្នុងប្រទេសវិញ ដែលបច្ចុប្បន្នលក់បានតម្លៃជាមធ្យម ១៦០០០រៀលមួយគីឡូក្រាម»

លោកលើកឡើងទៀតថា ទន្ទឹមនឹងការធ្លាក់ថ្លៃរបស់ស្វាយកែវរមៀតយ៉ាងគំហុក តម្លៃប្រេងឥន្ធនៈ និងជីគីមី បានឡើងថ្លៃទ្វេដង។ ជីគីមីបានកើនពី៤២០ដុល្លារ ទៅ៨២០ដុល្លារក្នុង១តោន និងជីសេរីរាង្គនាំចូលតម្លៃ៤២០ដុល្លារមួយតោន ដែលពីមុនមកតម្លៃជាមធ្យម គឺតែ២២០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ។ ហេតុនេះ ក្នុងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ លោកចង់ឲ្យកសិករងាកមកផលិតជីសរីរាង្គដោយខ្លួនឯងវិញ។ ការផលិតជីដោយខ្លួនឯង ចំណាយត្រឹមតែ២៤ដុល្លារប៉ុណ្ណោះក្នុងមួយតោន ហើយជាមធ្យមអាចផលិតរហូតដល់២៤តោនជារៀងរាល់ថ្ងៃ។

អ្នកស្រី ឈិន ចំរើន សមាជិកសមាគមស្វាយកែវរមៀតគិរីរម្យ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែមីនានេះថា កន្លងមកកសិករក៏មានដាំប្រភេទស្វាយទាំងនោះដែរ ដូចស្វាយណាំដកម៉ៃ និងកែវសាវើយ ជាដើម ប៉ុន្តែក្នុងលក្ខណៈតិចតួចពី៥០ ទៅ១០០ដើម។ តែយ៉ាងនេះក្តី អ្នកស្រីបញ្ជាក់ថា ទីផ្សារស្វាយប្រភេទថ្មីនេះ ហាក់មិនសូវទូលំទូលាយនោះទេ។ សម្រាប់អ្នកមានចំការធំ អ្នកស្រីនៅតែលើកទឹកចិត្តឱ្យដាំស្វាយកែវរមៀតដដែល។

អ្នកស្រីបានប្រាប់យ៉ាងដូច្នេះថា «សម្រាប់ចំការធំៗ យើងដាំស្វាយកែវរមៀតចំណេញជាង សម្រាប់ចំការតូចដីលក្ខណៈមួយហិកតា យើងដាំពូជដូចគាត់ [ឧកញ៉ា ម៉ុង ឬទ្ធី] ត្រឹមត្រូវ ពីព្រោះអីទីផ្សារវាតូចការប្រកួតប្រជែងតិច។ បើដាំលក្ខណៈមួយហិកតា បើលក់ក្នុងស្រុកលក់អស់ បើដាំលក្ខណៈចំការធំដូចពួក ខ្ញុំ១០០ហិកតា២០០ហិកតា មិនអាចដាំស្វាយហ្នឹងបានទេ ព្រោះដាំស្វាយនេះទាំងស្រុងយើងអត់មានទីផ្សារ»។

អ្នកស្រីបានឱ្យដឹងទៀតថា ជាធម្មតាក្នុងរដូវស្វាយ តម្លៃស្វាយតែតែងធ្លាក់ថ្លៃ។ អ្នកស្រីបានឱ្យដឹងថា បច្ចុប្បន្ននេះតម្លៃស្វាយធម្មតា មានតម្លៃ៥០០រៀលក្នុងមួយគីឡូ និងប្រភេទស្វាយខ្ចប់មានតម្លៃចន្លោះពី១៥០០រៀលទៅ២០០០រៀល និងក្តឹបបានតម្លៃល្អដដែល គឺ២០០០រៀលក្នុងមួយគីឡូ។

ចំណែកទីផ្សារស្វាយវិញ អ្នកស្រីលើកឡើងថា សម្រាប់សមាគមស្វាយកែវរមៀតគិរីរម្យ មិនទាន់ជួបប្រទះគ្មានទីផ្សារនៅឡើយទេ ដោយមានឈ្មួញនៅតែបន្តមកទិញ៕