(ភ្នំពេញ) ៖ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាស្តីពី «ការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (ToI E-Filing)» តាមប្រព័ន្ធអនឡាញក្រោម ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់លោក កែន សម្បតិ្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងរបស់លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្រ្តីពន្ធដារពាក់ព័ន្ធ លោកឧកញ៉ា លោក-លោកស្រី នាងកញ្ញា ដែលជាអភិបាល បណ្ណាធិការ និងជាតំណាងសហគ្រាស ចំនួន១៣២នាក់ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមអំពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងពន្ធដារ សំដៅពង្រឹង និងលើកកម្ពស់វប្បធម៌បង់ពន្ធ ដើម្បីរួមចំណែកក្នុងការពង្រឹង ការអនុវត្ត កាតព្វកិច្ចសារពើពន្ធ ក្នុងចំណោមគ្រប់ធុរជន ដែលបាននិងកំពុងប្រកបធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ តាមរយៈសិក្ខាសាលានេះ ក៏បានបញ្ជ្រាបការយល់ដឹងបន្ថែមអំពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងពន្ធដារ និងចំណេះដឹងថ្មីបន្ថែមទៀត ស្តីពី ការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (ToI E-Filing)។

លោក កែន សម្បតិ្ត បានថ្លែងសុន្ទរកថានៅក្នុងកម្មវិធីបើកសិក្ខាសាលា និងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោក ឧកញ៉ាលោក-លោកស្រី នាងកញ្ញា ដែលជាអភិបាល បណ្ណាធិការ និងជាតំណាងសហគ្រាស ដែលបានចូលរួម នៅក្នុងអង្គសិក្ខាសាលា ដ៏មានសារសំខាន់នេះ ដែលនេះគឺជាការសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពប្រតិបត្តិច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ ជាពិសេស គឺដើម្បីស្វែងយល់ឲ្យបានកាន់តែស៊ីជម្រៅថែមទៀត ចំពោះការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន។

នៅក្នុងសិក្ខាសាលានេះ លោក ទូច ជាកាដូ អនុប្រធានការិយាល័យ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម បានធ្វើបទបង្ហាញស្តីពី ការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូល រួមមាន ទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូល វិធានគណនេយ្យ និងគោលការណ៍ចំណូល-ចំណាយ និងរបៀបនៃការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូល និងលោក សុធី គីរី មន្ត្រីការិយាល័យបណ្តុះបណ្តាល នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានធ្វើបទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងការដាក់លិខិត ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (ToI E-Filing) រួមមាន អំពីប្រព័ន្ធនិងវិសាលភាព នៃប្រព័ន្ធគ្រប់គ្រង ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (ToI E-Filing) តម្រូវការសម្រាប់ចូលប្រើប្រាស់ប្រព័ន្ធ រំហូរនៃការប្រើប្រាស់ប្រព័ន្ធ ការបង្កើតគណនីថ្មីនិងការចូលប្រើប្រាស់ប្រព័ន្ធ ការបញ្ចូលទិន្នន័យលម្អិតស្នាក់ការកណ្តាល-សាខា ការបោះពុម្ពពាក្យស្នើសុំបង់ប្រាក់ពន្ធប្រចាំឆ្នាំនិងទាញយកឯកសារជា Excel រំហូរនៃការបង់ប្រាក់ពន្ធតាមអនឡាញ E-Payment និងការបោះពុម្ពលិខិតបញ្ជាក់ការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ជូនដល់សិក្ខាកាម។

បន្ថែមពីនេះ អង្គសិក្ខាសាលាក៏មានជាវេទិកាសំណួរ-ចម្លើយសម្រាប់សិក្ខាកាមទាំងអស់ ដែលចូលរួមពន្យល់ និងបកស្រាយដោយវាគ្មិនទាំងពីររូបផងដែរ។

លើសពីនេះ លោក ទី សុខុន ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម បានលើកទឹកចិត្តដល់សិក្ខាកាម ទាំងអស់ ដែលមានចម្ងល់ ដោយទំនាក់ទំនងសួរតាមរយៈនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម ឬមជ្ឈមណ្ឌលផ្តល់ព័ត៌មាន ដែលមានលេខទូរស័ព្ទ ១២៧៧ ដោយឥតគិតថ្លៃ ឬ GDT Live Chat ឬអាចទាញយកនូវច្បាប់ និងបទប្បញ្ញត្តិ ស្តីពីពន្ធដារនៅក្នុងគេហទំព័រ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានអាសយដ្ឋាន www.tax.gov.kh៕