(បាងកក)៖ កាសែតបាងកប៉ុស្តិ៍របស់ប្រទេសថៃបានរាយការណ៍ថា ប្រទេសថៃ និងម៉ាឡេស៊ី ព្រមព្រៀងបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ៣០ប៊ីលានដុល្លារ។

ការប្រកាសនេះបានធ្វើឡើងដោយអ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃគឺលោក Thanakorn Wangboonkongchana បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-o-cha បានជួបជាមួយនាយករដ្ឋមន្ត្រីមាឡេស៊ី Ismail Sabri Yaakob កាលពីថ្ងៃសុក្រចុងសប្តាហ៍មុននៅវិមានរដ្ឋាភិបាលថៃ។

លោក Prayut បានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់មេដឹកនាំបរទេសទៅកាន់ប្រទេសថៃគិតចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ បង្ហាញពីទំនាក់ទំនងជិតស្និទ្ធិរវាងប្រទេសទាំងពីរ។

មេដឹកនាំទាំងពីរបានឈានដល់កិច្ចព្រមព្រៀងក្នុងវិស័យសំខាន់ៗមួយចំនួន។

កាសែតបាងកប៉ុស្តិ៍បានរាយការណ៍ថា ក្នុងចំណោមវិស័យទាំងនេះគឺជាការតភ្ជាប់ព្រំដែនឡើងវិញ ដោយប្រទេសទាំងពីរបន្តការបើកចំហរព្រំដែនឡើងវិញសម្រាប់អ្នកចាក់វ៉ាក់សាំងពេញលេញដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

ក្រុមការងាររួមគ្នាមួយនឹងត្រូវបង្កើតឡើងដើម្បីកំណត់គោលការណ៍ណែនាំសម្រាប់កិច្ចការនេះ ខណៈដែលគម្រោងសាងសង់នៅតាមបណ្តោយព្រំដែននឹងបើកដំណើរការឡើងវិញឆាប់ៗ ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។

ដោយទំហំពាណិជ្ជកម្ម និងការផ្ទេរទំនិញតាមព្រំដែនបានកើនឡើងក្នុងអំឡុងពេលរាតត្បាតជំងឺ ប្រទេសទាំងពីរបានព្រមព្រៀងព្យាយាមសម្រេចឱ្យបានពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៣០ប៊ីលានដុល្លារនៅត្រឹមឆ្នាំ២០២៥។

ប្រទេសទាំងពីរក៏នឹងស្វែងរកឱកាសថ្មីៗផងដែរឆ្ពោះទៅរកសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព រួមទាំងសេដ្ឋកិច្ចឌីជីថល និងគំរូសេដ្ឋកិច្ចបៃតង BCG ផងដែរ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕