(សិង្ហបុរី)៖ ប្រាក់រូបរបស់ប្រទេសរុស្ស៊ីនៅថ្ងៃចន្ទសប្តាហ៍នេះបានធ្លាក់ថ្លៃខ្លាំងដល់កម្រិតទាបបំផុតមិនធ្លាប់មាន ធៀបនឹងប្រាក់ដុល្លារបន្ទាប់ពីប្រទេសលោកខាងលិចបានប្រកាសពីការដាក់ទណ្ឌកម្មជាច្រើនកាលពីចុងសប្តាហ៍មុន ដើម្បីដាក់ទោសប្រទេសរុស្ស៊ីដោយសារការឈ្លានពានលើប្រទេសអ៊ុយក្រែន រួមទាំងទណ្ឌកម្មលើរូបិយប័ណ្ណបម្រុងអន្តរជាតិរបស់ប្រទេសនេះផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

នៅក្នុងការជួញដូរនៅទីផ្សារអាស៊ី អត្រាប្តូរប្រាក់រូបធៀបនឹងដុល្លារអាមេរិកគឺ ១១៩រូបក្នុងមួយដុល្លារអាមេរិក ដែលជាតម្លៃទាបបំផុតមិនធ្លាប់មាន។ រហូតមកដល់ពេលនេះក្នុងខែនេះ ប្រាក់ដុល្លារឡើងថ្លៃ ៥៣,៧៧ភាគរយធៀបនឹងប្រាក់រូប។

ធនាគារកណ្តាលរុស្ស៊ីបានប្រកាសវិធានការមួយចំនួននៅថ្ងៃអាទិត្យ ដើម្បីគាំទ្រងទីផ្សារក្នុងស្រុក ខណៈដែលធនាគារនេះបានតស៊ូគ្រប់គ្រងផលវិបាកដែលកើតពីការដាក់ទណ្ឌកម្មនានា ដែលនឹងប្លុកធនាគាររុស្ស៊ីមួយចំនួនពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT។

ធនាគារកណ្តាលរុស្ស៊ីបានឱ្យដឹងថា ខ្លួននឹងបន្តទិញមាសនៅលើទីផ្សារក្នុងស្រុក និងបន្ធូរបន្ថយការរឹតបន្តឹងលើស្ថានភាពរូបិយប័ណ្ណបរទេសបើករបស់ធនាគារក្នុងស្រុក និងវិធានការមួយចំនួនទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕