(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនឹងរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញទៅកាន់ប្រទេសរុស្ស៊ី តាមរយៈការហាមឃាត់ការនាំចេញទំនិញយុទ្ធសាស្រ្តនានា និងចូលរួមជាមួយវិធានការរបស់ប្រទេសលោកខាងលិចដើម្បីប្លុកធនាគាររុស្ស៊ីមួយចំនួនពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូងថា រដ្ឋាភិបាលកូរ៉េក៏បានសម្រេចចិត្តជំរុញការបញ្ចេញស្តុកប្រេងយុទ្ធសាស្រ្តបន្ថែមទៀតផងដែរ ដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលអន្តរជាតិ និងពិនិត្យមើលឡើងវិញទៅលើវិធានការនានាដូចជាការលក់ឧស្ម័នធម្មជាតិបន្តទៅកាន់អឺរ៉ុបជាដើម។

សេចក្តីថ្លែងការណ៍នេះបានឱ្យដឹងថា៖ «រដ្ឋាភិបាលកូរ៉េថ្កោលទោសការឈ្លានពានប្រដាប់អាវុធរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ហើយក្នុងនាមជាសមាជិកសហគមន៍អន្តរជាតិដែលមានការទទួលខុសត្រូវ បានសម្រេចចិត្តចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ រួមទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរ ដើម្បីស្វែងរកដំណោះស្រាយចំពោះស្ថានភាពនេះដោយសន្តិភាព»។

ក្នុងចំណោមទំនិញយុទ្ធសាស្រ្តដែលនឹងត្រូវបានគ្រប់គ្រង គឺជាការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិច ឧបករណ៍ពាក់កណ្តាលចម្លង កុំព្យូទ័រ ឧបករណ៍បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ សិនស័រនិងឡាស៊ែរ ឧបករណ៍បញ្ជាផ្លូវអាកាស និងឧបករណ៍ម៉ារីននិងអវកាស។

ក្រសួងបានឱ្យដឹងទៀតថា ប្រទេសកូរ៉េខាងត្បូងនឹងបង្កើនជំនួយមនុស្សធម៌ទៅកាន់ប្រទេសអ៊ុយក្រែន ហើយការសម្រេចចិត្តនេះបានជូនដំណឹងជាផ្លូវការហើយទោកាន់រដ្ឋាភិបាលអាមេរិកតាមរយៈបណ្តាញទំនាក់ទំនងការទូត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕