(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញរបាយការណ៍បង្ហាញពីចំណុចសំខាន់មួយចំនួន ដែលបានចូលរួមក្នុងការជួយដល់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ឲ្យមានភាពរឹងមាំ និងរក្សាបាននូវភាពធន់ខ្ពស់។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ចំណុចសំខាន់ៗទាំងនេះរួមមាន៖

១៖ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារបានកើនដល់ទៅ១៨,៨% (ពីចុងឆ្នាំ២០២០ ដល់ចុងឆ្នាំ២០២១) ដែលជាអត្រាកំណើនខ្ពស់ជាងឆ្នាំមុនៗ។

២៖ ទំហំឥណទាននៅបន្តកើនឡើង ដោយសារកំណើនតម្រូវការវិនិយោគ និងចំណាយផ្សេងៗតាមវិស័យដែលទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ខណៈដែលឥណទានមិនដំណើរការនៅមានកម្រិតទាប។

៣៖ អត្រាការប្រាក់ជាមធ្យមទាំងការប្រាក់បញ្ញើ និងអត្រាការប្រាក់ឥណទាន បានបន្តធ្លាក់ចុះ ដែលផ្តល់ផលវិជ្ជមាន ដល់អតិថិជនក្នុងការទទួលបានប្រភពទុនតម្លៃសមរម្យ។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២០ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ការរៀបចំឥណទានឡើងវិញ មានចំនួន៣២៨ ៥៥២គណនី គិតជាទឹកប្រាក់ប្រមាណ៥.៥ប៊ីលានដុល្លារ ដោយបានរួមចំណែកជួយប្រជាពលរដ្ឋ និងអាជីវកម្ម បានមួយកម្រិតក្នុងអំឡុងពេលផ្ទុះនៃជំងឺកូវីដ១៩។ ចំណែកឯប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារនៅតែបន្តកើនឡើង។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាធ្លាប់បានឥ្យដឹងថា «ប្រព័ន្ធធនាគារបានបន្តឆ្លើយតប នឹងតម្រូវការហិរញ្ញប្បទាន របស់វិស័យឯកជន ដោយរក្សាបាននិរន្តរភាព នៃការផ្តល់ឥណទានទៅគ្រប់វិស័យនៃសេដ្ឋកិច្ច ព្រមទាំងបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះរៀបចំឥណទានឡើងវិញសរុបចំនួន ៣៧០.៧៨៥ គណនី ស្មើនឹង ២២,៤ ទ្រីលានរៀល ឬ៥,៥ ប៊ីលានដុល្លារអាមេរិក បានសម្រាលបន្ទុកពលរដ្ឋ និងអាជីវកម្មបានមួយកម្រិត»។

លោកបានបន្ថែមថា ក្នុងនោះប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារនៅតែបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃជំនឿទុកចិត្ត របស់សាធារណជន និងវិនិយោគិនមកលើប្រព័ន្ធធនាគារ៕