(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានគូសបញ្ជាក់ថា វិស័យអចលនទ្រព្យ នាពេលពេលបច្ចុប្បន្ននេះ នៅតែល្អ និងមានភាពរឹងមាំ ទោះបីជាមានវិបត្ដិកូវីដ-១៩ យ៉ាងណាក្ដី ហើយលោកបានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋណា ដែលមានធនធានហិរញ្ញវត្ថុ គួរតែធ្វើការវិនិយោគ តាមរយៈការទិញដី ឬក៏ទិញផ្ទះ ដែលអាចទទួលបាននូវតម្លៃល្អ និងការទូទាត់ល្អ។

លោក ច្រឹក សុខនីម បានបញ្ជាក់យ៉ាងដូច្នេះថា «ភាពរឹងមាំក្នុងវិស័យអចលនទ្រព្យនៅតែល្អ នៅក្នុងពេលបច្ចុប្បន្ននេះ ហើយការអភិវឌ្ឍមួយចំនួន នៅក្នុងពេលនេះខ្ញុំគិតថាបើសិន ជាបងប្អូនមានធនធានហិរញ្ញវត្ថុ អាចធ្វើការវិនិយោគ»

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានលើកឡើងថា ការវិនិយោគនាពេលនេះដោយអ្នកខ្លះគាត់ទិញតម្លៃធូរថ្លៃ ហើយគាត់ទទួលបានប្រសិទ្ធិខ្ពស់ពីការវិនិយោគទាំងអស់នោះ។

លោក ច្រឹក សុខនីម បានឲ្យដឹងថា ភាពប្រឈមនៃកូវីដ-១៩ មិនថាកម្ពុជា ឬបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ាននោះទេ សុទ្ធតែជួបប្រឈមដូចគ្នា ក៏ប៉ុន្តែតម្លៃអចលនទ្រព្យ មកដល់ពេលនេះ មិនទាន់មានការធ្លាក់ថ្លៃនៅឡើយទេ។

លោកបានថ្លែងថា «នៅប្រទេសកម្ពុជាក្ដី នៅវៀតណាមក្ដី នៅថៃក្ដី សិង្ហបុរី ម៉ាឡេស៊ី [...] យើងបានឃើញសង្កេតឃើញថា តម្លៃអចលនទ្រព្យសិង្ហបុរី មិនមានការធ្លាក់ថ្លៃនោះទេ»

លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ការទិញលក់មួយចំនួនធំ នៅតែទទួលបាននូវការទិញលក់ ជាពិសេសកម្លាំងអចលនទ្រព្យថ្លៃៗ ក៏អាចមានការទិញលក់ផងដែរ។

លោកថា ភាពប្រឈមនៃវិបត្តិកូវីដ១៩ គ្រាន់តែជាផ្នែកមួយ ដែលរងផលប៉ះពាល់ ដល់សុខភាពរបស់ប្រជាជន ប៉ុន្តែការជះផលប៉ះពាល់ខ្លាំង ទៅលើសេដ្ឋកិច្ចឲ្យឈានទៅដល់ដួលរលំនៃសេដ្ឋកិច្ច គឺមិនទាន់ជាមានសញ្ញាធំនៅឡើយទេ។

ថ្លែងក្នុងវេទិកាសាធារណៈស្ដីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២២» រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា វិស័យអចលនទ្រព្យ និងវិស័យសំណង់ ជាវិស័យរុញច្រានកំណើនសេដ្ឋកិច្ចជាតិ ជាចន្ទល់ដ៏រឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ច។

លោកថ្លែងយ៉ាងដូច្នេះថា «សម័យកូវីដវិស័យអចលនទ្រព្យ និងសំណង់ នៅដើរតួជាចន្ទល់នៃសេដ្ឋកិច្ចរបស់យើង ក្នុងរយៈពេលមធ្យមយើងត្រូវការវិស័យនេះ ដើម្បីជួយសេដ្ឋកិច្ចរស់សិន។ មិនមែនតែស្រុកខ្មែរ ដែលពឹងលើវិស័យអចលនទ្រព្យ សម្រាប់ជាចន្ទល់សេដ្ឋកិច្ច ហុងកុង សិង្ហបុរី ចិន អាមេរិក ដូច្នេះយើងត្រូវមានគោលនយបាយចំពោះមុខសម្រាប់តម្រង់»

លោកបញ្ជាក់ថា សម្រាប់ឆ្នាំ២០២២នេះ វិស័យអចលនទ្រព្យ ត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងក្នុងរង្វង់៤.១ភាគរយ បន្ទាប់ពីថមថយរយៈពេល២ឆ្នាំ ឆ្នាំ២០២០ ធ្លាក់ចុះដល់-៦.២ភាគរយ និងឆ្នាំ២០២១ កើនត្រឹម០.៦ភាគរយប៉ុណ្ណោះ៕