(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា ភ្ញៀវទេសចរចិននឹងមកត្រឡប់មកកម្សាន្តនៅកម្ពុជាវិញ ខណៈជើងហោះហើរត្រង់រវាងចិន និងកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងពីមួយជើងទៅពីរជើងក្នុងមួយសប្តាហ៍នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ បន្ទាប់ពីមានមានការជ្រោមជ្រែងពីស្ថានទូតចិន ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជនរវាងចិន និងកម្ពុជា។

តាមសេចក្តីប្រកាសរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ចិននឹងធ្វើការប្តូរវេនគ្នា ក្នុងការដំណើរការជើងហោះហើរថ្មី។ ស្ថានទូតចិននឹងណែនាំក្រុមហ៊ុនអាកាសចរណ៍ ដែលពាក់ព័ន្ធក្នុងការរៀបចំសំបុត្រយន្តហោះ ដែលមានតម្លៃសមរម្យ ធ្វើស្តង់ដារការកក់ដោយផ្ទាល់ជាផ្លូវការ និងបណ្តាញលក់សំបុត្រ យកចិត្តទុកដាក់អនុវត្តវិធានការបង្ការ និងត្រួតពិនិត្យពីចម្ងាយក្នុងប្រទេសចិន និងខិតខំប្រឹងប្រែង ដើម្បីធានាឱ្យបានដំណើរការបន្ថែមជើងហោះហើរត្រង់ពីកម្ពុជាទៅចិន ប្រព្រឹត្តទៅដោយរលូន។

លោក ហូរ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកុម្ភៈនេះថា ប្រសិនបើ មានការសម្របសម្រួលពីស្ថានទូតចិន ក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់រវាងចិន និងកម្ពុជា ក្នុងពេលខាងមុខនេះ នឹងធ្វើឱ្យភ្ញៀវទេសចរចិនត្រឡប់មកកម្សាន្តនៅវិញ ដោយសារតែបច្ចុប្បន្ននេះ ការធ្វើដំណើរទៅមករវាងចិន និងកម្ពុជា នៅតែមានពិបាក ដោយសារតែមិនទាន់មានជើងហោះហើរត្រង់រវាងទាំងពីរនៅឡើយ។ ចំណែកតម្លៃសំបុត្រយន្តហោះក៏នៅតែថ្លៃ ដែលបច្ចុប្បន្ននេះសំបុត្រយន្តរវាងចិន និងកម្ពុជា ថយចុះតែបន្តិចប៉ុណ្ណោះ ពោលគឺមានតម្លៃប្រមាណ៣ពាន់ដុល្លារទៅ៤ពាន់ដុល្លារ និងពិបាករកទិញសំបុត្រដដែល។

លោកបន្តថា ប្រសិនបើមានជើងហោះហើរត្រង់រវាងកម្ពុជា និងចិន និងការចុះថ្លៃសំបុត្រយន្តហោះ នឹងធ្វើឱ្យជនជាតិចិនមកកម្សាន្តនៅកម្ពុជា ដើម្បីជួយស្រោចស្រង់វិស័យទេសចរណ៍នៅកម្ពុជា ដែលបានរងគ្រោះប្រមាណ២ឆ្នាំមកនេះ។ ជាមួយគ្នានេះក៏នឹងជំរុញសកម្មភាពវិនិយោគ ដែលនឹងជួយដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

ស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏បានក្រើនរំលឹកដល់ពលរដ្ឋចិននៅកម្ពុជា ឱ្យយកចិត្តទុកដាក់តាមដានលើការប្រកាសជាផ្លូវការ នៃក្រុមហ៊ុនអាកាសចរណ៍ពាក់ព័ន្ធ ក្នុងការកក់ និងទិញសំបុត្រយន្តហោះតាមរយៈបណ្តាញផ្លូវការ និងកុំជឿទុកចិត្តលើ «ភាគីទី៣» ដូចជាភ្នាក់ងារ ទិញឬកក់សំបុត្រយន្តហោះ៕