(ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យបានព្យាករណ៍ថា នៅក្នុងឆ្នាំ២០២២នេះ នឹងមិនមានគម្រោងខុនដូកម្រិតខ្ពស់ថ្មី ប្រកាសសាងសង់ ឬវិនិយោគនោះទេ ខណៈក្នុងឆ្នាំ២០២១ មានត្រឹមតែ៤គម្រោងតែប៉ុណ្ណោះ ដោយសារតែអ្នកអភិវឌ្ឍន៍ងាកមកចាប់ទីផ្សារក្នុងស្រុកវិញ ខណៈជំងឺកូវីដ១៩ នៅបន្តរាតត្បាតដែលនាំឱ្យអតិថិជនបរទេសពិបាក ក្នុងការធ្វើដំណើរ។

អ្នកនាង គឹម គិនកេសា នាយិការងផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់បណ្តាញព័ត៌មាន Fresh News ថាវិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យទីផ្សារខុនដូនៅកម្ពុជា មានការប្រែប្រួល ដែលនាំឱ្យទីផ្សារខុនដូបរទេស ដែលទិញសម្រាប់ការវិនិយោគ បានធ្លាក់ចុះ បណ្តាលឱ្យអ្នកអភិវឌ្ឍន៍ខុនដូងាកទីផ្សារក្នុងស្រុកវិញ។

អ្នកនាងបន្តថា ស្របពេលដែលអ្នកអភិវឌ្ឍន៍ងាកមករកទីផ្សារក្នុងស្រុកច្រើន អាចនឹងធ្វើឱ្យគម្រោងបើកថ្មី នៅក្នុងឆ្នាំ២០២២នេះ មានតម្លៃធូរថ្លៃជាងមុន ដើម្បីសម្របតាមលទ្ធភាពទិញរបស់អ្នកទិញនៅក្នុងស្រុក ព្រមទាំងមានការកែប្រែលក្ខខណ្ឌនៃការទិញ ដូចជាការបង់ប្រាក់ កម្មវិធីបញ្ចុះតម្លៃជាដើម ដើម្បីលើកទឹកចិត្តដល់អ្នកទិញ។

អ្នកនាងបញ្ជាក់បន្ថែម «យើងគិតថា នៅក្នុងឆ្នាំ២០២២ គឺប្រហែលមិនមានទីផ្សារខុនដូថ្មីប្រភេទកម្រិតខ្ពស់បើកលក់ទេ ប៉ុន្តែគម្រោងចាស់ដែលគាត់បានបើកលក់ គឺនៅបើកលក់ធម្មតា»

ពាក់ព័ន្ធបញ្ហានេះដែរអ្នកស្រី អាន សុធីតា អ្នកជំនាញវិស័យខុនដូ បានលើកឡើងកាលពីពេលថ្មីៗនេះថា បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ទីផ្សារខុនដូក្នុងស្រុកបានគាំទ្ររហូតដល់៩០ភាគរយ ចំណែកទីផ្សារបរទេសមានត្រឹមតែ១០ភាគរយប៉ុណ្ណោះ ក្នុងនោះការលក់ធ្លាក់ចុះប្រមាណ២០ភាគរយ ចំណែកតម្លៃធ្លាក់ចុះ៥ភាគរយ។

អ្នកស្រីបានបន្ថែមថា ក្នុងឆ្នាំ២០២២ បើស្ថានភាពនៃមេរោគថ្មី អាចគ្រប់គ្រងបាន នោះទីផ្សារខុនដូនឹងល្អប្រសើរឡើងវិញ ប៉ុន្ដែមិនល្អដូចឆ្នាំ២០១៩ឡើយ អាចនឹងមានកំណើនកើនឡើងយឺត និងសន្សឹមៗ។

តាមរបាយការណ៍របស់ CBRE បានឱ្យដឹងថា ខុនដូកម្រិតខ្ពស់មានតម្លៃចាប់ពី២៧០០ដុល្លារទៅជាង៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងខុនដូកម្រិតមធ្យមតម្លៃចន្លោះពីប្រមាណ២០០០ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងខុនដូកម្រិតទាបតម្លៃរង្វង់១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ក្នុងឆ្នាំ២០២២នេះ រំពឹងថានឹងមានខុនដូជាង១៣០០០យូនីតបន្ថែមទៀត ផ្គត់ផ្គង់ក្នុងទីផ្សារ។

ជាមួយគ្នានេះ CBRE បានព្យាករណ៍ថា អគារប្រមាណ២៥០ ក្នុងចំណោមអគារដែលមិនបានបញ្ចប់ការសាង់សង់ទាំងអស់នៅក្រុងព្រះសីហនុ ជាង១ពាន់ អាចនឹងត្រូវបាន បញ្ចប់ការសាង់សង់ទាំងស្រុងនៅក្នុងឆ្នាំ២០២២នេះ អគារទាំងនោះរួមមានលំនៅដ្ឋាន សណ្ឋាគារ និងអគារពាណិជ្ជកម្មជាដើម។

អ្នកនាង គឹម គិនកេសា បានឱ្យដឹងថា ការចាប់យកអគារទាំងនេះមកសាងឡើងវិញ ដោយសាររដ្ឋាភិបាល មានគម្រោងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។

អ្នកនាងបន្តថា «ខ្ញុំគិតថាខេត្តព្រះសីហនុ វាជារឿងដែលយើងដឹងទាំងអស់គ្នាហើយ គឺមានបញ្ហាប្រឈមទាក់ទងបម្រែបម្រួលទីផ្សារអចលនទ្រព្យ អីចឹងហើយយើងឃើញមានអ្នកវិនិយោគមួយចំនួន ដែលគាត់ស្ទះលំហូរហិរញ្ញវត្ថុ ហេតុនេះយើងរំពឹងថា វាជាឱកាសមួយដែលវិនិយោគិន ដែលគាត់មានលំហូរទុនរឹងមាំ គាត់អាចយកឱកាសនេះទិញយក ឬសាងយកអគារទាំងនោះ ដើម្បីសាងសង់បញ្ចប់»