(បាងកក)៖ និយ័តករក្នុងប្រទេសថៃមានផែនការការហាមឃាត់ការប្រើប្រាស់ទ្រព្យឌីជីថលដើម្បីទូទាត់ថ្លៃទំនិញ និងសេវា ពីព្រោះវាអាចបង្កើតហានិភ័យសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រងសេចក្តីប្រកាសរួមមួយដែលចេញផ្សាយដោយធនាគារកណ្តាលថៃ (BoT) គណៈកម្មការមូលបត្រថៃ (SEC) និងក្រសួងហិរញ្ញវត្ថុនៅថ្ងៃអង្គារថា ស្ថាប័នទាំងបីនេះបានពិនិត្យមើលឡើងវិញទៅលើអត្ថប្រយោជន៍ និងហានិភ័យនៃទ្រព្យឌីជីថល ហើយចាត់ទុកថាវាចាំបាច់ដែលត្រូវគ្រប់គ្រងការប្រើប្រាស់ទ្រព្យឌីជីថលទាំងនេះក្នុងការធ្វើជាមធ្យោបាយទូទាត់ថ្លៃទំនិញនិងសេវា ដើម្បីជៀសវាងផលប៉ះពាល់ដែលអាចកើតមានទៅលើស្ថិរភាពហិរញ្ញវត្ថុ និងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសថៃ។
លោកស្រី Charuphan Intararoong ជំនួយការរបស់អគ្គលេខាធិការទទួលបន្ទុកអន្តរការី និងទីផ្សារនៅ គណៈកម្មការ SEC បានថ្លែងថា SEC បាននិងកំពុងធ្វើសវនាការសាធារណៈមួយទាក់ទងនឹងគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់ទ្រព្យឌីជីថលសម្រាប់ធ្វើជាមធ្យោបាយទូទាត់ថ្លៃទំនិញ និងសេវា ដើម្បីកំណត់ក្របខ័ណ្ឌសមស្របមួយ។
លោកស្រី Charuphan បានបន្ថែមថា សវនាការសាធារណៈនេះបានចាប់ផ្តើមនៅថ្ងៃទី២៥ ខែមករា ហើយគ្រោងនឹងដំណើរការរហូតដល់ខែកុម្ភៈ ដែលក្រោយមកស្ថាប័ននិយ័តករនានាត្រូវបានរំពឹងថានឹងរួមគ្នាសម្រេចបញ្ចប់ និងប្រកាសបទប្បញ្ញត្តិទាំងនេះ។
យោងតាមឯកសាររបស់ SEC ទាក់ទងនឹងសវនការសាធារណៈស្តីពីបទប្បញ្ញត្តិទាំងនេះ ប្រតិបត្តិករទ្រព្យឌីជីថលដែលមានអាជ្ញាប័ណ្ណ បានពង្រីកសកម្មភាពរបស់ពួកគេដើម្បីបង្ហាញថា ពួកគេត្រៀមខ្លួនរួចរាល់ហើយដើម្បីគាំទ្រដល់វិស័យអាជីវកម្ម និងហាងទំនិញនានាក្នុងការប្រើប្រាស់ទ្រព្យឌីជីថលសម្រាប់ធ្វើការទូទាត់។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា វិធានទាំងនេះអនុវត្តចំពោះឈ្មោះជើងសារ និងអ្នកជួញដូរការប្តូរទ្រព្យឌីជីថល រូបិយប័ណ្ណគ្រីបតូ និងកាសឌីជីថល ព្រមទាំងអ្នកផ្តល់សេវាប្រឹក្សាអំពីទ្រព្យឌីជីជីថលទាំងនេះផងដែរ។
បទប្បញ្ញត្តិទាំងនេះចែងថា អាជីវកម្មទាំងនេះមិនត្រូវអន្ទង ឬបង្ហាញថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់ហាងទំនិញនានាក្នុងការប្រើប្រាស់ទ្រព្យឌីជីថលសម្រាប់ធ្វើការទូទាត់ថ្លៃទំនិញ និងសេវាឡើយ ឬផ្តល់ប្រព័ន្ធមួយដល់ហាងទំនិញដើម្បីសម្របសម្រួលការទូទាត់ឡើយ។
អាជីវកម្មស្ថិតក្រោមបទប្បញ្ញត្តិ មិនត្រូវបានអនុញ្ញាតឱ្យបើកកាបូបប្រាក់អេឡិចត្រូនិចសម្រាប់ពាណិជ្ជកម្ម ដើម្បីទទួលការទូទាត់ទ្រព្យឌីជីថលនោះទេ។
គណៈកម្មការ SEC បានឱ្យដឹងថា បទប្បញ្ញត្តិទាំងនេះចូលជាធរមានចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ។
ប្រតិបត្តិករទ្រព្យជីថលដែលបានធ្វើកិច្ចព្រមព្រៀងជាមួយភាគីនានាស្តីពីការប្រើប្រាស់ទ្រព្យឌីជីថលដើម្បីទូទាត់ថ្លៃទំនិញ និងសេវាមុនកាលបរិច្ឆេទអនុវត្តវិធាននេះ មានពេល ១៥ថ្ងៃដើម្បីអនុវត្ត នៅពេលបទប្បញ្ញទាំងនេះចូលជាធរមាន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕