(ហ្សាការតា)៖ អាជ្ញាធរសេវាហិរញ្ញវត្ថុ (OJK) របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារបានព្រមានក្រុមហ៊ុនហិរញ្ញវត្ថុនានាមិនឱ្យផ្តល់សេវា និងសម្របសម្រួលការជួញដូរទ្រព្យគ្រីបតូ (crypto assets) ក្នុងគ្រាដែលមានការកើនឡើងការជួញដូរទ្រព្យឌីជីថលនេះក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រាកសព័ត៌មានមួយដែលចេញផ្សាយដោយអាជ្ញាធរសេវាហិរញ្ញវត្ថុ (OJK) ដែលជានិយ័តករហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ី នៅបណ្តាញសង្គម Instagram ថា៖ « OJK ហាមឃាត់យ៉ាងតឹងរ៉ឹងមិនឱ្យស្ថាប័នសេវាហិរញ្ញវត្ថុប្រើប្រាស់ ធ្វើទីផ្សារ និង/ឬសម្របសម្រួលការជួញដូរទ្រព្យគ្រីបតូឡើយ»។

អាជ្ញាធរនេះបានព្រមាណថា តម្លៃទ្រព្យគ្រីបតូជាញឹកញាប់ឡើងចុះខ្លាំងនិងថា អ្នកដែលទិញទ្រព្យឌីជីថលប្រភេទនេះគួរយល់ច្បាស់ពីហានិភ័យទំាំងនេះ។

សេចក្តីប្រកាសនេះបានបន្តថា៖ «ចូរយល់ដឹងការចោទប្រកាន់អំពីគម្រោងបោកប្រាស់ Ponzi នៅក្នុងការវិនិយោគគ្រីបតូ»។

ការព្រមាននេះកើតមានឡើងក្រោយមានក្តីបារម្ភប្រហាក់ប្រហែលគ្នាពីសំណាក់ធនាគារកណ្តាលថៃ និងប្រទេសសិង្ហបុរី។

បណ្តាញព័ត៌មានបានរាយការណ៍ដោយដកស្រង់ទិន្នន័យពីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ីថា ការជួញដូរទ្រព្យគ្រីបតូ កំពុងកើនឡើងនៅឥណ្ឌូនេស៊ី ដោយប្រតិបត្តិការសរុបនៅឆ្នាំ២០២១ បានកើនឡើងដល់ ៨៥៩ទ្រីលានរូពៀ (៥៩,៨៣ប៊ីលានដុល្លារ) កើនឡើងពីត្រឹមតែ ៦០ទ្រីលានរូពៀ នៅឆ្នាំ២០២០។

ប្រទេសឥណ្ឌូនេស៊ីអនុញ្ញាតឱ្យលក់ទ្រព្យគ្រីបតូក្នុងផ្សារជួញដូរទំនិញ (commodities exchange) ហើយការជួញដូរនេះត្រូវបានគ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារនិយ័តកកម្មកិច្ចសន្យាជួញដូរទំនិញអនាគត ប៉ុន្តែមិនគ្រប់គ្រងដោយ OJK ឡើយ។

ថ្មីនេះៗក្រសួងកំពុងសម្របសម្រួលការបង្កើតផ្សារហ៊ុនដាច់ដោយឡែកមួយសម្រាប់ទ្រព្យឌីជីថល ដែលហៅថា ផ្សារហ៊ុនកិច្ចសន្យាជួញដូរទ្រព្យឌីជីថលអនាគត (Digital Futures Exchange) ដែលមន្ត្រីនានានិយាយថានឹងដាក់ដំណើរការនៅត្រីមាសទី១ ឆ្នាំនេះ។ ទោះជាយ៉ាងណា រូបិយប័ណ្ណគ្រីបតូមិនត្រូវបានប្រើប្រាស់ផ្លូវការសម្រាប់ការទូទាត់ក្នុងប្រទេសនេះឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕