(ហាណូយ)៖ អ្នកនៅក្នុងឧស្សាហកម្មឡូជីស្ទិកបានឱ្យដឹងថា ការចំណាយលើឡូជីស្ទិកនៅវៀតណាម នឹងបន្តកើនឡើង ខណៈដែលតម្រូវការស្ទុះងើបខ្លាំង ស្របពេលដែលការផ្គត់ផ្គង់នឹងនៅតែមានកម្រិតយ៉ាងហោចណាស់រហូតដល់ដំណាច់ឆ្នាំនេះ។ នេះបើយោងតាមកាសែត Vietnam News។

យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយក្រុមហ៊ុន SSI Securities Corporation (SSI) ដែលជាក្រុមហ៊ុនមូលបត្រឈានមុខគេមួយក្នុងប្រទេសវៀតណាមបានឱ្យដឹងថា តម្រូវការនឹងកើនឡើងដោយសារមានការកើនឡើងការទិញទំនិញបំពេញស្តុក ខណៈដែលកប៉ាល់ថ្មីៗនឹងមិនទាន់ចូលមកបម្រើសេវាដឹកជញ្ជូននៅឡើយរហូតដល់ឆ្នាំ២០២៣-២៤។ លើសពីនេះទៀត វីរុសកូវីដប្រភេទថ្មី ទំនងជាបង្កឱ្យមានបញ្ហាស្មុញស្មាញបន្ថែមទៀតសម្រាប់ចង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។

រយៈពេលពីរបីឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថាការចំណាយលើឡូជីស្ទីកកើនឡើងបីដង ធៀបនឹងការចំណាយមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩។ ក្រុមហ៊ុននាំចេញវៀតណាមត្រូវបានប្រាប់ថា ស្ថានភាពមិនចប់ក្នុងពេលឆាប់ៗនេះទេ។

អ្នកតំណាងម្នាក់មកពីក្រុមហ៊ុន Nam Việt Seafood JSC បានថ្លែងថា យោងតាមផែនការរបស់ក្រុមហ៊ុន ក្រុមហ៊ុនត្រូវជួលកុងតឺណ័រចំនួន ៤០០ កាលពីខែមុន ប៉ុន្តែរហូតមកដល់ពេលនេះ មិនអាចរកជួលបានឡើយ ដោយសារកង្វះកុងតឺណ័រខ្លាំង។

ក្រុមហ៊ុនបានកត់ត្រាការចំណាយលើឡូជីស្ទីកចំនួន ២,៨ប៊ីលានដុង (២,២៨លានដុល្លារ) ក្នុងរយៈពេល ៩ខែដំបូងក្នុងឆ្នាំ២០២១ ដែលកើនឡើងជិត ៣ដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ក្រុមហ៊ុន Vĩnh Hoàn Seafood JSC បានឱ្យដឹងថា ការចំណាយលើឡូជីស្ទិកក្នុងអំឡុងពេលដូចគ្នានេះមានចំនួន ២១០ប៊ីលានដុង (៩,២៤ដុល្លារ) ដែលកើនឡើងជិត ៣ដងធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលស្មើរហូតដល់ទៅ ៨៤ភាគរយនៃថ្លៃដើមទំនិញលក់ចេញ របស់ក្រុមហ៊ុន។

ក្រុមហ៊ុនទាំងពីរបានឱ្យដឹងថា ការកើនឡើងការចំណាយលើឡូជីស្ទីកគឺជាហេតុផលដែលបង្កឱ្យប្រាក់ចំណេញធ្លាក់ចុះនៅឆ្នាំមុន។

លោក Nguyễn Tương អគ្គលេខាធិការរងនៃសមាគមអាជីវកម្មឡូជីស្ទិកវៀតណាមបានថ្លែងថា កំពង់ផែវៀតណាមមិនត្រឹមតែកំពុងរងគ្រោះពីកង្វះកង់តឺណ័រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្វះកម្មករជំនាញផងដែរ។

កាន់តែអាក្រក់ជាងនេះទៀតនោះ គឺក្រុមហ៊ុននាំចេញវៀតណាមជាច្រើនពឹងផ្អែកលើក្រុមហ៊ុនឡូជីស្ទិកបរទេស ខណៈដែលកប៉ាល់ដឹកជញ្ជូនរបស់វៀតណាមបច្ចុប្បន្នមានតែ ១០ភាគរយប៉ុណ្ណោះនៃបរិមាណនាំចេញរបស់វៀតណាម ដែលភាគច្រើនតាមផ្លូវឆ្ពោះទៅកាន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង។

របាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន VASEP កាលពីឆ្នាំមុន បានឱ្យដឹងថា ការចំណាយលើការដឹកជញ្ជូនពីវៀតណាមទៅកាន់ទីក្រុង Southampton ក្នុងប្រទេសអង់គ្លេសបានកើនឡើងពី ១.៦០០ដុល្លារក្នុងមួយកុងតឺណ័រនៅឆ្នាំ២០២០ ដល់ ៥.០០០ដុល្លារនៅចុងឆ្នាំ២០២០។ នៅខែឧសភា ឆ្នាំ២០២១ តម្លៃបានកើនឡើងដល់ ៩,១០០ដុល្លារក្នុងមួយកុងតឺណ័រ។

ការចំណាយលើការដឹកជញ្ជូនទៅកាន់ទីក្រុង Los Angeles សហរដ្ឋអាមេរិកថ្លៃ ១.៨០០ដុល្លារក្នុងមួយកុងតឺណ័រនៅដើមឆ្នាំ២០២០ ហើយនៅចុងឆ្នាំ២០២០ បានកើនឡើងដល់ ៤.០០០ដុល្លារ និង ៨.០០០ដុល្លារក្នុងខែឧសភា ឆ្នាំ២០២១។ នេះបើយោងតាមកាសែត Vietnam News៕