(ប៉េកាំង)៖ ប្រទេសចិនសង្ឃឹមថា សហរដ្ឋអាមេរិកអាចបង្កើនលក្ខខណ្ឌនិងបរិយាកាសអំណោយផលដល់ការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម បន្ទាប់ពីការទិញទំនិញអាមេរិកដោយប្រទេសចិនក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះមានកម្រិតទាបជាងទិសដៅដែលមានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបង្កើតឡើងក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចងក្រងដោយវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson ថា ប្រទេសចិនមិនអាចសម្រេចបានតាមការសន្យារបស់ខ្លួនដែលបានធ្វើក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី១» ដើម្បីបង្កើតការទិញទំនិញអាមេរិកក្នុងតម្លៃ ២០០ប៊ីលានដុល្លារក្នុងអំឡុងឆ្នាំ២០២០ និង២០២១ ធៀបនឹងកម្រិតនៅឆ្នាំ២០១៧ ដោយសម្រេចបានតែប្រហែល ៦០ភាគរយនៃទិសដៅប៉ុណ្ណោះគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១។
លោក Shu Jueting អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងក្នុងសន្និសីទព័ត៌មានតាមអនឡាញមួយថា៖ «ចាប់តាំងពីកិច្ចព្រមព្រៀងបានចូលជាធរមានមក ប្រទេសចិនបានខិតខំយ៉ាងខ្លាំងដើម្បីជម្នះកត្តាលំបាក់នានាដែលបង្កឡើងដោយផលប៉ះពាល់ពីការរាតត្បាតជំងឺ ការដើរថយក្រោយនៃសេដ្ឋកិច្ចពិភពលោក និងការអាក់ខានចង្វាក់ផ្គង់ផ្គង់ និងបានជំរុញឱ្យមានការអនុវត្តកិច្ចព្រមព្រៀងពីភាគីទាំងពីរ»។
លោក said បានថ្លែងថា៖ «យើងសង្ឃឹមថា សហរដ្ឋអាមេរិកអាចបង្កើតបរិយាកាស និងលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម»។
លោកបានបន្ថែមថា ក្រុមការងារទទួលបន្ទុកពាណិជ្ជកម្មរបស់ប្រទេសទាំងពីរកំពុងរក្សាការប្រាស្រ័យទាក់ទងគ្នាដដែល។
លោក Tom Vilsack រដ្ឋមន្ត្រីក្រសួងកសិកម្មអាមេរិកបានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធប្រទេសចិនឱ្យអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះមុនពេលមានការពិភាក្សាអំពីការពន្យាណាមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕