(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានបណ្តុំរោងចក្រសហគ្រាស របស់ក្រុមហ៊ុនចិន ជាង១០០ក្រុមហ៊ុន នៅឆ្នាំ២០២១ សម្រេចបានទំហំនាំចេញនាំចូលសរុបចំនួន ២ ២៣៤លានដុល្លារអាមេរិក កើនឡើង៤២.៧៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ នេះបើតាមការប្រកាសរបស់ស្ថានទូតចិនប្រចាំកម្ពុជា។

ស្ថានទូតចិនបានបន្តថា «ក្នុងឆ្នាំ២០២១ ប្រឈមមុខនឹងបញ្ហាដែលកើតមានឡើង ក្នុងបរិបទជំងឺវីរុសកូវីដ១៩ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទន្ទឹមនឹងទប់ស្កាត់ជំងឺវីរុសកូវីដយ៉ាងមុតមាំ ក៏បានខិតខំបង្កើនការផលិត បានជំរុញការកសាងកែលម្អកម្រិត២.០ ខិតខំបោះសន្ទុះក្នុងគ្រាដ៏លំបាកនេះ»

ជាមួយគ្នាតំបន់សេដ្ឋកិច្ចនេះ ក៏បានកែលម្អរចនាសម្ព័ន្ធនៃការផលិតជាបន្តបន្ទាប់ និងត្រូវបានបញ្ចូលក្នុងគម្រោងផលិតសំបកកង់កៅស៊ូផងដែរ ដែលគម្រោងនេះ មានទុនវិនិយោគសរុប៣០០លានដុល្លារអាមេរិក ល់ការងារក្នុងស្រុកប្រហែលជាង១៦០០កន្លែង។

ជុំវិញបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ មករានេះថា ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានការកើនឡើងវិញ ដោយសារការបញ្ជាទិញនៅប្រទេសមួយចំនួន ត្រូវបានថមថយដោយសារវិបត្តិជំងឺកូវីដ១៩ ដែលនាំឱ្យលំហូរបញ្ជាទិញនេះបង្វែរមកកម្ពុជា។

ទន្ទឹមគ្នានេះ លោកបន្ថែមថា គម្រោងរោងចក្រផលិតសំបកកង់កៅស៊ូ គឺជាឱកាសដែលកម្ពុជាកាត់បន្ថយការលក់វត្ថុធាតុដូចជាកៅស៊ូ ព្រមទាំងបង្កើតការងារ និងបង្កើនការនាំចេញទៅក្រៅប្រទេស។ ខណៈពេលកិច្ចព្រមព្រៀង RCEP ចូលជាធរមានទៀតនោះ កម្ពុជានឹងអាចស្រូបបានអ្នកវិនិយោគគិនពីក្រៅប្រទេស ឱ្យមកវិនិយោគលើឧស្សាហកម្ម ឬក៏រោងចក្រផលិតកង់រថយន្ត ឬឧស្សាហកម្មផលិតចំណីអាហារ ដែលជាប្រភេទឧស្សាហកម្មធន់មធ្យម ដែលRCEP ផ្តោតជាសំខាន់។

លោកបន្ថែមថា «កម្ពុជាមានភាពសំបូរបែបនៃដំណាំឧស្សាហកម្ម ជាពិសេស គឺដើមកៅស៊ូ ហើយកៅស៊ូយើងភាគច្រើន គឺយើងលក់ជ័រកៅស៊ូកក ដឹកទៅវៀតណាម ដែលទោះជារដ្ឋាភិបាលហាមឃាត់ក៏ដោយ ក៏នៅតែមាននាំចេញលួចទៅដោយខុសច្បាប់ ដើម្បីធ្វើការនាំចេញទៅដែរ ដោយខុសច្បាប់ អីចឹងយើងលក់វត្ថុធាតុដើមសុទ្ធសាត ហើយទៅវៀតណាមបានគេចំរាញ់ជាកៅស៊ីក្រេប។ ឥឡូវនេះ យើងមានរោងចក្រផលិតកង់រថយន្ត គឺជាឱកាសមួយដើម្បីបង្កើតការងារឱ្យដល់ប្រជាពលរដ្ឋយើង និងជំរុញការនាំចេញផង»

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ ដូចជារោងចក្រ ផលិតគ្រឿងអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី សំបកកង់រថយន្ដ គ្រឿងបន្លាស់រថយន្ដ សម្ភារបរិក្ខាបន្ទប់ទឹក ផលិតក្ដារប៉ាកេ និងក្ដារបន្ទះ សម្ភារ ការិយាល័យ រោងចក្រកាត់ដេរ សម្លៀក បំពាក់ ស្បែកជើង កាបូប និងវ៉ាលី និងរោងចក្រផលិតសម្ភារប្រើប្រាស់ជាច្រើនផ្សេងទៀត ៕