(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីជូនដំណឹង ដោយជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ ដែលមិនទាន់មានអាជ្ញាបណ្ណ មកស្នើសុំអាជ្ញាបណ្ណឲ្យមានត្រឹមត្រូវ។ នេះបើតាមសេចក្តីជូនដំណឹង ដែលនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ផ្តល់ជូនបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបញ្ជាក់ថា រាល់ការប្រកបអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹង សេវាកម្មវាយតម្លៃ, សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ ត្រូវធ្វើការស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម និងវិញ្ញាបនបត្រវិជ្ជាជីវៈ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជាមុនសិន។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ សូមអញ្ជើញអស់លោក-លោកស្រី នាយកក្រុមហ៊ុន ដែលមិនទាន់ បានធ្វើការស្នើសុំអាជ្ញាបណ្ណ សម្រាប់ការប្រកបអាជីវកម្មដូចបានរៀបរាប់ខាងលើត្រូវរួសរាន់មកបំពេញនីតិភាពស្នើសុំ អាជ្ញាបណ្ណនៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៅអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លេខ១៦៨F ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕