(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានចេញប្រកាសស្តីពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

បើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នៅត្រង់ប្រការ២ បានបញ្ជាក់ថា ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកសម្រាប់ប្រការ៣ បានបន្ថែមថា សម្រាប់គោលដៅនៃប្រកាសនេះ «អាហារជាមូលដ្ឋាន» សំដៅដល់បណ្តាមុខទំនិញមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖

*សាច់សត្វចិញ្ចឹមមានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ ឬឆ្អើរ

*ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃតាមវិធីផ្លាប់ ឬឆ្អើរ

*ត្រីទឹកសាប និងទីកប្រែគ្រប់ប្រភេទរួមទាំង បង្កង បង្គា កំពឹស ក្ដាម និងសិប្បីជាតិគ្រប់ប្រភេទទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ ឬឆ្អើរ

*ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់

*អំបិលគ្រប់ប្រភេទ

*ទឹកត្រីនិងទឹកស៊ីអីវគ្រប់ប្រភេទ។

សម្រាប់ប្រការ៤ បានឱ្យដឹងថា ការកំណត់អាករលើតម្លៃបន្ថែបជាបន្ទុករបស់រដ្ឋ ត្រូវបានកំណត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារជាមូលដ្ឋាន ដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះ សម្រាប់រយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់គោលដៅនៃប្រការនេះ ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕