(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅចំពោះមុខវិនិយោគិនអឺរ៉ុប និងវិនិយោគដទៃទៀតប្រមាណ១០០នាក់ បានលើកឡើងពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគ និងសេវាថែទាំវិនិយោគ ដល់វិនិយោគិនទាំងអស់ ដោយគ្មានការរើសអើង។
ការលើកឡើងរបស់លោក សុខ ចិន្តាសោភា ធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីវិនិយោគកម្ពុជា ជូនវិនិយោគិន ដែលជាសមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងវិនិយោគិនទូទៅ ដើម្បីផ្តល់ឱកាសឱ្យតំណាងក្រុមហ៊ុនជា សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ក៏ដូចជាវិនិយោគិនដទៃទៀត បានស្វែងយល់បន្ថែមពីការវិវត្តថ្មីៗ នៃបរិស្ថានវិនិយោគនៅកម្ពុជា ជាពិសេស ច្បាប់ស្តីពីវិនិយោគថ្មី ដែលត្រូវបានព្រះមហាក្សត្រ ឡាយព្រហស្ថលេខា ប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។
លោក សុខ ចិន្តាសោភា បានគូសបញ្ជាក់ពីភាពចាំបាច់របស់កម្ពុជា ក្នុងការកែលម្អបរិស្ថានវិនិយោគ សំដៅជំរុញទាក់ទាញការវិនិយោគ ក្នុងគន្លងប្រក្រតីភាពថ្មីនៃវិបត្តិជំងឺកូវីដ-១៩ ដែលទាមទារឱ្យកម្ពុជា ប្រកាន់យកនូវអភិក្រមបុរេសកម្មជាងមុន ក្នុងការជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាពនិងចីរភាព។
កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ចីរភាព និងឧត្តមភាពនៃបដិវត្តឧស្សាហកម្ម ៤.០ និងឌីជីថលូបនីយកម្ម នៅក្នុងច្បាប់វិនិយោគថ្មី ដោយបានដាក់បញ្ចូលក្របខ័ណ្ឌនៃការលើកទឹកចិត្តឆ្លាតវៃ ដើម្បីទាក់ទាញការវិនិយោគ ប្រកបដោយចីរភាពមកកាន់ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។
លោកបានបន្ថែមថា ដើម្បីជួយសម្រួលដល់ការតភ្ជាប់ប្រតិបត្តិការ រវាងវិនិយោគិនបរទេសជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក និងលើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព នៅឆ្នាំ២០២១ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក បានដាក់ឱ្យដំណើរការនូវប្រព័ន្ធ ទិន្នន័យសន្ធានកម្មខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់អភិវឌ្ឍន៍ដោយចីរភាព តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (https://sd2.cdc.gov.kh)។
លោករដ្ឋមន្រ្តីប្រតិភូបាន លោកបានសំណូមពរវិនិយោគិនអឺរ៉ុប ដែលស្វែងរកឱកាសវិនិយោគ ឬសម្លឹងរកមូលដ្ឋានពង្រីកផលិតកម្មរបស់ខ្លួន នៅក្នុងតំបន់ឱ្យជ្រើសយកប្រទេសកម្ពុជា ដោយឈរលើមូលដ្ឋានស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច, ការគ្រប់គ្រងបានយ៉ាងល្អប្រសើរ នៃការរាតត្បាតនៃជំងឺកូវីដ-១៩, និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងការត្រៀមចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលនឹងបើកចំហទីផ្សារ និងបង្កើនភាពទាក់ទាញវិនិយោគរបស់កម្ពុជាបន្ថែមទៀត។
សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញស្តីពីច្បាប់ ស្តីពីវិនិយោគថ្មី ពីលោកបណ្ឌិត សរ សិនិរ៉ា ប្រធាននាយកដ្ឋាននីតិកម្ម និងច្បាប់វិនិយោគនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយផ្តោតលើចំណុចសំខាន់ៗនៃច្បាប់នេះ ដែលមានគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្ត ដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផល សម្រាប់ការវិនិយោគ ដើម្បីទាក់ទាញនិងលើកកម្ពស់ការ វិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា៕