(ភ្នំពេញ)៖ ស្របពេលដែលកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ ក្នុងគ្រាដែលសេដ្ឋកិច្ចកម្ពុជា ចាប់ផ្តើមងើបឡើង សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មនៅរាជធានីភ្នំពេញ បានកើនឡើង៣.៨% ធៀបនឹងកាលពីខែដូចគ្នាឆ្នាំមុន។
តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នៅខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពេលដែលរាជរដ្ឋាភិបាល ប្រកាសបើកសេដ្ឋកិច្ចឡើងវិញ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មនៅរាជធានីភ្នំពេញកើនឡើង៣.៨% ធៀបនឹងកាលពីខែដូចគ្នាឆ្នាំមុន។
កំណើននេះ គឺដោយសារការកើនឡើងនៃសន្ទស្សន៍ថ្លៃម្ហូបអាហារ ២.៥% សន្ទស្សន៍ថ្លៃសម្លៀកបំពាក់ និងស្បែកជើង ៦.៦% , សន្ទស្សន៍ថ្លៃផ្ទះសំបែង, ទឹក, អគ្គិសនី, ឧស្ម័ន និងឥន្ធនៈដទៃទៀត ៦.២%, សន្ទស្សន៍ថ្លៃក្រុមអ្នកដឹកជញ្ជូន ១៤.៦% និងសន្ទស្សន៍ទំនិញ និងសេវាកម្មផ្សេងៗ ៥.៤%។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមករានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានពន្យល់ថា មានកត្តាមួយចំនួន ដែលជះឥទ្ធិពលដល់កំណើនថ្លៃទំនិញប្រើប្រាស់នេះ ដូចជាតម្រូវការកើនឡើង តែការផ្គត់ផ្គង់ថយចុះ ពោលគឺក្នុងពេលដែលកម្ពុជា បើកប្រទេសឡើងមនុស្សចាប់ផ្តើមមានតម្រូវការទំនិញប្រើប្រាស់កើនឡើងច្រើន ខណៈការផលិតបានរងប៉ះពាល់ ដោយសារតែ កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ការរាតត្បាតជំងឺកូវីដ១៩ បានវាយលុកខ្លាំង ដែលធ្វើឱ្យសង្វាក់ផលិតកម្ម មានការរអាក់រអួល និងផ្អាកបណ្តោះអាសន្ន នាំឱ្យថយចុះនូវការផលិតទំនិញផ្សេង មិនឆ្លើយតបទៅនឹងតម្រូវការ។
កត្តាមួយទៀត គឺថ្លៃវត្ថុធាតុដើមនៃផលិតកម្ម កម្លាំងពលកម្ម និងឡូជីស្ទីកលកើនឡើង ដែលធ្វើឱ្យទំនិញនីមួយៗនៅលើទីផ្សារឡើងថ្លៃ។ ព្រមជាមួយគ្នាកម្ពុជា ជាប្រទេសដែលនាំចូលទំនិញសម្រាប់ប្រើប្រាស់ភាគច្រើន ហេតុនេះក៏នាំឱ្យមានការឡើងថ្លៃទំនិញផងដែរ ដូចជាទំនិញប្រភេទថាមពល ប្រេងឥន្ធនៈជាដើម ដែលកម្ពុជាផ្អែកទាំងស្រុងទៅលើទីផ្សារអន្តរជាតិ។
លោកបន្តថា ការឡើងថ្លៃទំនិញប្រើប្រាស់នេះ ធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ដោយសារតែវិបត្តជំងឺកូវីដ១៩ ធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលពួកគាត់ ជាពិសេសអ្នកដែលមានចំណូលថេរ ដូចជាមន្រ្តីរាជការ និងកម្មករ។ ជាមួយគ្នានេះ ធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចផងដែរ។
«បើគិតទៅដល់ កម្មករទៅទៀតរិតតែមានការប៉ះពាល់មួយចំនួន អីចឹងមធ្យោបាយក្នុងអន្តរការណ៍នេះ គឺយើងមានតែគិតលើការផ្គត់ផ្គង់ជីវភាព ឬតម្រូវការណាដែលចាំបាច់ រីឯតម្រូវការណាដែលមិនចាំបាច់ គឺយើងត្រូវកាត់ចំណាយចេញមួយចំនួន ជៀសវាងនូវផលវិបាកផ្សេងៗ ដែលអាចកើតមានជាយថាហេតុ»។ លោកបណ្ឌិត ហុង វណ្ណៈ ពន្យល់បន្ថែម។
លោកបន្ថែម ដើម្បីកាត់បន្ថយការឡើងថ្លៃទំនិញនេះ កម្ពុជាគួរបង្កើនការផលិតទំនិញសម្រាប់ប្រើប្រាស់ឱ្យច្រើន ដើម្បីកាត់បន្ថយការនាំចេញចូលទំនិញពីក្រៅប្រទេស។
លោកបានគូសបញ្ជាក់យ៉ាដូច្នេះថា «បើសិនជាយើងនៅតែបង្កើននូវការនាំចូលកាន់តែច្រើន កិច្ចការមួយចំនួន វាហួសពីដែននៃការគ្រប់គ្រង ពីព្រោះទីផ្សារសេរីគេអាចនាំចូល គេដំឡើងថ្លៃដោយហេតុផលផ្សេងៗ ដូចជាយើងបានទទួលជ្រាបគ្រប់គ្នាហើយទំនិញមួយរយៈនេះ ដូចជាមកពីចិន ខាងកូរ៉េ ជប៉ុន ឬសហរដ្ឋអាមេរិក ទំនិញវៀតណាម ថៃ គឺឡើងថ្លៃ។ ទីផ្សារសេរីយើងអត់អាចទៅហាមបានទេ មានតែមធ្យោបាយ គឺយើងទៅបង្កើន ផលិតកម្មក្នុងស្រុករបស់យើង ផលិតទៅលើទំនិញណា ដែលយើងប្រើប្រាស់ប្រចាំថ្ងៃដែលចាំបាច់ ផលិតឱ្យយើងមានទៅ យើងប្រើប្រាស់ផលិតផលរបស់យើង។ ហើយវត្ថុធាតុដើម ដែលមកទ្រទ្រង់ទៅលើផលិតកម្មទាំងអស់ហ្នឹង ទាល់តែយើងអាចផលិតបានខ្លះទៅទៀត ដូចជា ផលិតផលកសិកម្ម ឧទាហរណ៍ដូចជាជីជាដើម យើងត្រូវផលិតខ្លួនឯងឱ្យបានប្រើប្រាស់ ឬផ្គត់ផ្គង់ក្នុងទីផ្សារបាន ខ្ញុំគិតថា នឹងកាត់បន្ថយនូវសន្ទុះទំនិញបាន»។
តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ប្រេងសាំងថ្លៃជាមធ្យម ៤៥០០រៀលក្នុងមួយលីត្រ កើនឡើង៧.១% និងប្រេងម៉ាស៊ូតថ្លៃជាមធ្យម ៤០៧៥រៀលកើនឡើង ៤.៥% ធៀបនឹងខែតុលា។
ចំណែករបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ ២០២២ ដែលចេញផ្សាយដោយធនាគារជាតិបានឱ្យដឹងថា អតិផរណាសម្រាប់ឆ្នាំ២០២១ មានកម្រិតទាប ២.៩% ខណៈអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤០៩៩រៀល ក្នុងមួយដុល្លារ៕