(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវត្រៀមខ្លួនសម្រាប់ការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ដោយព្រមានថា ការចាត់វិធានការរបស់ធនាគារកណ្តាលអាមេរិកលឿនជាងការរំពឹងទុកនេះអាចប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ និងជំរុញឱ្យមានលំហូរចេញមូលធន និងការធ្លាក់ថ្លៃរូបិយប័ណ្ណនៅក្រៅប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សារមួយដែលចេញផ្សាយនៅថ្ងៃចន្ទនេះដោយមូលនិធិ IMF ថា ខ្លួនរំពឹងថាកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់អាមេរិកនឹងបន្តកើតមាន ដោយអតិផរណាទំនងជានឹងមានកម្រិតមធ្យមក្នុងឆ្នាំនេះ។ ស្ថាប័នផ្តល់ប្រាក់កម្ចីពិភពលោកមួយនេះគ្រោងនឹងចេញផ្សាយការព្យាករសេដ្ឋកិច្ចពិភពលោកថ្មីនៅថ្ងៃទី២៥ ខែមករា។
IMF បានឱ្យដឹងថា ការរឹតបន្តឹងសន្សឹមនិងមានការជូនដំណឹងបានល្អនូវគោលនយោបាយរូបិយវត្ថុអាមេរិក នឹងទំនងជាមានផលប៉ះពាល់តិចតួចលើប្រទេសកំពុងអភិវឌ្ឍន៍ ដោយតម្រូវការបរទេសជួយប៉ះប៉ូវផលប៉ះពាល់ពីការកើនឡើងការចំណាយផ្នែកហិរញ្ញវត្ថុ។
ប៉ុន្តែអតិផរណាប្រាក់ឈ្នួលអាមេរិក ឬបញ្ហាផ្គត់ផ្គង់ដែលបន្តកើតមាន អាចជំរុញកំណើនតម្លៃខ្លាំងជាងការរំពឹងទុក និងជំរុញឱ្យមានការរំពឹងថានឹងមានអតិផរណាកាន់តែរហ័ស ដែលជំរុញឱ្យធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់កាន់តែលឿន។
ដោយលើកឡើងពីហានិភ័យដែលបង្កឡើងដោយការដំឡើងអត្រាការប្រាក់លឿនជាងការរំពឹងទុក និងការកើតមានឡើងជាថ្មីនៃការរាតត្បាតជំងឺ មូលនិធិ IMF បានឱ្យដឹងថា៖ «ប្រទេសកំពុងអភិវឌ្ឍន៍គួរត្រៀមខ្លួនសម្រាប់រយៈពេលចលាចលសេដ្ឋកិច្ចដែលអាចកើតមាន»។
លោក James Bullard ប្រធានធនាគារកណ្តាលអាមេរិកប្រចាំរដ្ឋ St Louis បានថ្លែងនៅសប្តាហ៍នេះថា ធនាគារកណ្តាលអាចដំឡើងអត្រាការប្រាក់នៅខែមីនា ពោលគឺប៉ុន្មានខែលឿនជាងការរំពឹងទុកកន្លងមក ហើយឥឡូវនេះ វាស្ថិតក្នុងស្ថានភាពល្អដើម្បីចាត់វិធានការបែបត្រហល់កាន់តែខ្លាំងប្រឆាំងនឹងអតិផរណាទៅតាមតម្រូវការ។
មន្ត្រីជាន់ខ្ពស់របស់មូលនិធិ IMF បានសរសេរក្នុងសារនោះថា៖ «ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកលឿនជាងការរំពឹងទុក អាចប៉ះពាល់ដល់ទីផ្សារហិរញ្ញវត្ថុ រឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ ការវិវឌ្ឍទាំងនេះអាចកើតមានជាមួយនឹងការធ្លាក់ចុះតម្រូវការនិងពាណិជ្ជកម្មអាមេរិក ហើយអាចឈានទៅរកលំហូរចេញមូលធន និងការធ្លាក់ថ្លៃរូបិយប័ណ្ណក្នុងទីផ្សារកំពុងអភិវឌ្ឍន៍»។
មូលនិធិ IMF បានបន្តថា ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានបំណុលសាធារណៈនិងបំណុលឯកជនខ្ពស់ ការប្រឈមទៅនឹងអត្រាប្តូរប្រាក់បរទេស និងមានតុល្យភាពគណនីចរន្តទាប បានមើលឃើញរួចហើយនូវការឡើងចុះថ្លៃនៃរូបិយប័ណ្ណរបស់ប្រទេសទាំងនោះធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំណែកឯប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសម្ពាធអតិផរណាខ្លាំង ឬស្ថានប័នមានសមត្ថភាពខ្សោយ គួរចាត់វិធានការជាបន្ទាន់ដើម្បីធ្វើឱ្យរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះថ្លៃ និងដំឡើងអត្រាការប្រាក់គោល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕