(ហុងកុង)៖ ប្រទេសចិនបានជំរុញបន្ថែមទៀតក្នុងការបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឱ្យចាយប្រាក់យ័នយ័នឌីជីថល ដោយស្ថាប័នកំពូលរដ្ឋាភិបាលអនុម័តឱ្យមានការប្រើប្រាស់រូបិយប័ណ្ណអេឡិចត្រូនិចនេះកាន់តែទូលំទូលាយក្នុងសេណារីយ៉ូផ្សេងៗ។ នេះបើយោងតាមកាសែត South China Morning Post។
កាសែត South China Morning Post បានរាយការណ៍ថា ក្រុមប្រឹក្សារដ្ឋចិន ដែលជាគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន បានឱ្យដឹងក្នុងសៀវភៅគោលនយោបាយមួយដែលបានចេញផ្សាយនៅសប្តាហ៍មុនថា ខ្លួននឹងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រូបិយប័ណ្ណអេឡិចត្រូនិច (e-CNY) ក្នុងប្រតិបត្តិការលក់រាយ ការទូទាត់ថ្លៃទឹកនិងអគ្គិសនី និងថ្លៃសេវារដ្ឋបាលផ្សេងៗ។
ខណៈដែលការទូទាត់អេឡិចត្រូនិចបច្ចុប្បន្ននេះត្រូវបានគ្របដណ្តប់ដោយដំណោះស្រាយពាណិជ្ជកម្ម កម្មវិធីទូទាត់ WeChat Pay របស់ក្រុមហ៊ុន Tencent Holdings ថ្មីៗនេះបានចាប់ផ្តើមផ្តល់ជម្រើសជូនអ្នកប្រើប្រាស់ឱ្យទូទាត់ដោយប្រើប្រាស់ប្រាក់យ័នចិន ខណៈដែលកម្មវិធី Alipay បានបញ្ចូលមុខងារទូទាត់នេះតាំងពីឆ្នាំមុនមកម្ល៉េះ។
នៅថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន JD.com ក៏បានឱ្យដឹងផងដែរថា ក្រុមហ៊ុននឹងគាំទ្រដល់ការទូទាត់ e-CNY សម្រាប់ការទិញទំនិញនៅលើភ្លែតហ្វមទិញទំនិញអនឡាញក្នុងហាងទំនិញនានាដែលដំណើរការដោយក្រុមហ៊ុន ក៏ដូចជាក្រុមហ៊ុនដែលប្រតិបត្តិការដោយអ្នកលក់ជាភាគីទីបីនៅលើកម្មវិធីទិញទំនិញ Jingxi របស់ខ្លួន។
ការលើកទឹកចិត្តនេះកើតមានឡើងបន្ទាប់ពីវិទ្យាស្ថានស្រាវជ្រាវរូបិយប័ណ្ណឌីជីថល (DRCI) ដែលជាអ្នកបង្កើតប្រាក់យ័នឌីជីថល និងជាស្ថាប័នស្ថិតក្រោមធនាគារកណ្តាលចិន បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធីកាបូបប្រាក់អេឡិចត្រូនិច e-CNY សម្រាប់ឱ្យសាធារណៈជនទាញយកនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ក្នុងប្រទេសចិន។
យោងតាមកាសែត South China Morning Post បានឱ្យដឹងថា e-CNY ក៏ប្រើប្រាស់បានផងដែរតាមរយៈកាបូបប្រាក់អេឡិចត្រូនិចចំនួន៧ ផ្សេងទៀតដែលប្រតិបត្តិការដោយធនាគារក្នុងស្រុកដែលរូមមាន ធនាគារ Industrial and Commercial Bank of China ធនាគារ Agricultural Bank of China ធនាគារ China Construction Bank ធនាគារ Bank of China ធនាគារ Bank of Communications ធនាគារ Postal Savings Bank of China និងធនាគារ China Merchants Bank។
ការពង្រឹងកិច្ចប្រឹងប្រែងរបស់ចិនដើម្បីលើកកម្ពស់រូបិយប័ណ្ណឌីជីថលរបស់ខ្លួននេះកើតមានឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលមានការប្រារព្វពិធីបុណ្យចូលឆ្នាំចិន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកុម្ភៈ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ដែលធ្វើឡើងនៅទីក្រុងប៉េកាំងនៅថ្ងៃទី៤ ខែកុម្ភៈ។
ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ប្រជាជនចិនជាធម្មតាផ្តល់អំណោយអាំងប៉ាវជាសាច់ប្រាក់ជូនសាច់ញាតិបងប្អូនមិត្តភក្តិ ដោយប្រើប្រាស់កម្មវិធីទូទាត់នានា។
ទន្ទឹមនឹងនេះដែរ ធនាគារកណ្តាលចិនបានឱ្យដឹងនាពេលកន្លងមកថា ភ្ញៀវទេសចរបរទេសនឹងអាចចាយប្រាក់យ័នឌីជីថលបាននៅព្រឹត្តិការកីឡាអូឡាំពិក បើទោះជាពួកគេមិនមានគណនីធនាគារចិនក៏ដោយ។
លោក Mu Changchun ប្រធាន DCRI បានឱ្យដឹងកាលពីចុងឆ្នាំមុនថា ពលរដ្ឋចិនប្រហែល ១៤០លាននាក់បានបើកគណនីយ័នឌីជីថលគិតត្រឹមខែតុលា ឆ្នាំ២០២១ ដោយប្រតិបត្តិការសរុបកើនឡើងដល់ ៦២ប៊ីលានយ័ន (៩,៧ប៊ីលានដុល្លារ) គិតចាប់ពីដាក់ដំណើរការរូបិយប័ណ្ណនេះមក។ នេះបើយោងតាមកាសែត South China Morning Post៕