(ហូជីមិញ)៖ ក្រុមហ៊ុនចិនដែលជាដៃគូរបស់ក្រុមហ៊ុននាំចេញវៀតណាមមួយចំនួន បានស្នើឱ្យក្រុមហ៊ុននាំចេញវៀតណាមកុំដឹកជញ្ជូនទំនិញតាមសមុទ្ររហូតទាល់តែមានការចេញសេចក្តីសម្រេចថ្មី។ នេះបើយោងតាមកាសែត VnExpress របស់វៀតណាម។
ក្រុមហ៊ុននាំចេញ Nhat Thanh របស់វៀណាមមានកិច្ចសន្យានាំចេញដំឡូង និងខ្នុរថៃចំនួន ៥០កុងតឺណ័ររៀងរាល់ខែទៅកាន់ប្រទេសចិន។ ក្រុមហ៊ុន Nhat Thanh និងក្រុមហ៊ុនចិនដែលជាដៃគូរបស់ខ្លួនបានព្រមព្រៀងនាំចេញ ១០កុងតឺណ័រជាមុនតាមផ្លូវសមុទ្រ។
ទោះជាយ៉ាងណា លោក Huynh Ngoc Co ប្រធានក្រុមហ៊ុន Nhat Thanh បានប្រាប់កាសែត VnExpress ថា មុនពេលនាំចេញទំនិញ ក្រុមហ៊ុនបានទទួលការជូនដំណឹងពីដៃគូចិនថា ការនាំចេញត្រូវបានផ្អាកដោយសារហេតុផលមិនអាចជៀសវាងបានជាច្រើន។
លោកថ្លែងថា ដៃគូចិនបានឱ្យដឹងថា ប្រទេសចិនកំពុងរឹតបន្តឹងសកម្មភាពនាំចូល ដែលចាប់ផ្តើមពីដើមឆ្នាំ២០២២ទៅ។ កំពង់ផែនានានៅប្រទេសចិនបានកកស្ទះដោយសារភាពយឺតយ៉ាវនៃការងារជម្រះគយស្ថិតក្រោមគោលនយោបាយទប់ស្កាត់ជំងឺកូវីដ-១៩របស់ប្រទេសចិន។
លោក Co មានប្រសាសន៍ថា៖ «យើងមានការភ្ញាក់ផ្អើលជាមួយនឹងសេចក្តីសម្រេចភ្លាមៗនេះ។ សំណាងល្អដែលទំនិញមិនទាន់បានកាត់និងវេចខ្ចប់ ដូច្នេះទំនិញនឹងបង្វែរទៅទីផ្សារផ្សេងបណ្តោះអាសន្ន។ ទំនិញនឹងនាំចេញទៅទីផ្សារចិនវិញ ប្រសិនមានការប្រកាសថ្មីពីក្រុមហ៊ុនជាដៃគូ»។
យោងតាមសមាគមផ្លែឈើនិងបន្លែវៀតណាម សកម្មភាពនាំចេញតាមសមុទ្រទៅកាន់ប្រទេសចិនមានភាពយឺតយ៉ាវខ្លាំងក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ។ ទំនិញជាច្រើនកំពុងធ្វើដំណើរក្នុងសមុទ្រ មិនទាន់ដល់កំពង់ផែនៅឡើយ។ មានហានិភ័យនៃការកើនឡើងការខាតបង់ ប្រសិនបើកំពង់ផែកកស្ទះ។
លោក Dang Phuc Nguyen អគ្គលេខាធិការសមាគមបានថ្លែងថា៖ «ភាគីចិនបានរាយការណ៍ថា ពួកគេមានលទ្ធភាពត្រឹមតែពិនិត្យមើលកុងតឺណ័របន្លែនិងផ្លែឈើបាន ៥កុងតឺណ័រប៉ុណ្ណោះក្នុងមួយថ្ងៃដោយសារបទប្បញ្ញត្តិអធិការកិច្ចកូវីដ-១៩ដ៏តឹងរ៉ឹង។ ក្រុមហ៊ុនដៃគូជាច្រើនបានជូនដំណឹងដល់ក្រុមហ៊ុនវៀតណាមអំពីការដាក់កម្រិតការនាំចូលតាមសមុទ្រ»។
នៅសប្តាហ៍ក្រោយពេលដែលបុគ្គលិកកំពង់ផែនៅចិនឈប់សម្រាកដោយសារបុណ្យចូលឆ្នាំចិន វានឹងធ្វើឱ្យការងារជម្រះគយកាន់តែមានការលំបាកថែមទៀត។
ប្រទេសចិនគឺជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗរបស់វៀតណាម។ ប្រាក់ចំណូលពីការនាំចេញនិងនាំចូលផលិតផលកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទរវាងប្រទេសទាំងពីរបានកើនឡើងខ្លាំងពី ៨ប៊ីលានដុល្លារនៅឆ្នាំ២០១៥ ដល់ ១១ប៊ីលានដុល្លារនៅឆ្នាំ២០២១។ នេះបើយោងតាមកាសែត VnExpress៕