(ភ្នំពេញ)៖ ការវិនិយោគសំខាន់ណាស់ ដូច្នេះដើម្បីជៀសវាងហានិភ័យ ជាពិសេសយុវជន ដែលចង់ធ្វើការវិនិយោគនោះ គួរណាស់តែខិតខំសិក្សារៀនសូត្រ និងស្វែងរកបទពិសោធន៍ឲ្យបានច្រើនជាមុនសិន។ នេះការលើកឡើងរបស់អ្នកជំនាញហិរញ្ញវត្ថុ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
ក្នុងកិច្ចពិភាក្សាស្ដីពី៖ វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្រោមប្រធានបទ «សារសំខាន់នៃការយល់ដឹងរបស់យុវជនកម្ពុជា អំពីសេវាហិរញ្ញវត្ថុ» លោក ផល វ៉ាន់ឌី បានឲ្យដឹងទៀតថា ការវិនិយោគក៏វាអាស្រ័យទៅលើទេពកោសល្យ របស់បុគ្គលម្នាក់ៗផងដែរ។
លោក ផល វ៉ាន់ឌី បានគូសបញ្ជាក់ថា ការវិនិយោគចាំបាច់ត្រូវតែមានចំណេះដឹង និងបទពិសោធន៍ជៀសវាង ឃើញគេធ្វើល្អធ្វើតាមគេ ដែលខ្លួនឯងផ្ទាល់ អត់មានចំណេះដឹងសោះ ក្នុងការគ្រប់គ្រងលើហានិភ័យសោះនោះ វាជារឿងខុសឆ្គងក្នុងការវិនិយោគ។
លោក ផល វ៉ាន់ឌី បានបញ្ជាក់យ៉ាងដូច្នេះថា «ចេះតែធ្វើតាមគេ ឬក៏យើងស្រមៃថា យើងមានទឹកចិត្ត ហើយយើងគ្រាន់តែគិតថា យើងមានសុបិន ដើម្បីបានជោគជ័យលឿន យើងទៅវិនិយោគ វារឿងខុសឆ្គង [...] ជាការលើកទឹកចិត្ត យើងខំរៀន យើងធ្វើការយកបទពិសោធន៍»។
លោកជឿជាក់ថា ការវិនិយោគវាផ្តល់នូវប្រាក់ចំណេញ នឹងជួយសង្គមបានច្រើន ដូច្នេះលោកលើកទឹកចិត្ត ឲ្យយុវជនរៀនសូត្រ ហើយនឹងចូលរួមក្នុងការសន្សំ និងការវិនិយោគ ព្រោះវាចលករជំរុញនៃការអភិវឌ្ឍសង្គម។
លោក រ័ត្ន សោភ័ណ អគ្គនាយករងធនាគារមេឃប៊ែង បានលើកឡើងថា សម្រាប់ការវិនិយោគ បើយើងនិយាយជារួមផែនការហិរញ្ញវត្ថុ គឺវាមានច្រើនផ្នែក រួមមាន៖ ចំណូល, ចំណាយ, សន្សំ, ការពារ និងវិនិយោគ។
លោក រ័ត្ន សោភ័ណ បានប្រាប់ឲ្យដឹងថា មុនពេលវិនិយោគ ត្រូវតែរៀនសន្សំជាមុនសិន ព្រោះថា ការវិនិយោគជាទូទៅ វាត្រូវទាមទារឲ្យយើងមានលុយជាមុនសិន ដើម្បីឲ្យយើងមានលទ្ធភាពវិនិយោគបាន ដូច្នេះគួរតែចាប់ផ្ដើមពីការសន្សំ។
បន្ថែមពីនោះទៀត លោក រ័ត្ន សោភ័ណ បានគូសបញ្ជាក់ថា ការសន្សំ និងការវិនិយោគក្ដី គឺបានមកពីចំណូលរបស់យើងដែលលំបាករក ដូច្នេះហើយពេលដែលសន្សំ ឬក៏វិនិយោគ សំខាន់បំផុតត្រូវសន្សំ និងវិនិយោគ ជាមួយស្ថាប័នផ្លូវការ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីជៀសវាងការបោកប្រាស់ផងដែរ៕