(ភ្នំពេញ)៖ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុន KHMER COLD CHAIN COMPANY LIMITED បានចុះកិច្ចព្រមព្រៀង ស្តីពី «ការជួលដី និងការគ្រប់គ្រង ប្រតិបត្តិការឃ្លាំងត្រជាក់ នៅចំណតផែកុងតឺន័រ» ក្នុងគោលបំណងផ្តល់សេវាកម្មផ្ទេរផ្ទុក និងស្តុកទំនិញត្រជាក់រយៈពេលវែង និងរយៈពេលខ្លី។
សេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះថា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានរយៈពេល១៤ឆ្នាំ និង១១ខែ ដោយគិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០៣៦។
ឃ្លាំងត្រជាក់របស់ក្រុមហ៊ុន KHMER COLD CHAIN COMPANY LIMITED «KCCC» នឹងសាងសង់លើផ្ទៃដីទំហំ ១២៣៨០ម៉ែត្រការ៉េ ស្ថិតនៅចំណតផែកុងតឺន័រ LM១៧ របស់ ក.ស.ភ. នៅក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រុមហ៊ុននឹងផ្តល់សេវាកម្មស្តុកទុកទំនិញ ត្រជាក់ តាមស្តង់ដារអន្តរជាតិ ទាំងការស្តុកទុកទំនិញ រយៈពេលវែង និងរយៈពេលខ្លី។ ក្រុមហ៊ុន ក៏មានសេវាកម្មផ្សេងទៀត ដូចជា សេវាកម្មធ្វើឲ្យត្រជាក់រហ័ស សេវាកម្មវេចខ្ចប់ និងដាក់ស្លាកសញ្ញា, សេវាកម្មអនាម័យ និងភូតគាមអនាម័យ, ការជ្រើសរើសនិងចែកចាយដោយផ្ទាល់តាមហាង។
ការប្រតិបត្តិការឃ្លាំងផ្ទេរផ្ទុកទំនិញត្រជាក់នេះ នឹងផ្តល់សេវាកម្មភ័ស្តុភារកម្ម ដែលអាចគ្រប់គ្រងសីតុណ្ណភាព Temperature Controlled Logistics (TCD) និងជួយចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិដូចជា ជួយផ្តល់ឱកាស ការងារដល់ប្រជាជននៅកម្ពុជា
លើសពីនោះទៀត នឹងជំរុញឲ្យមានកំណើនកុងតឺន័រត្រជាក់បន្ថែមទៀត ឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជាជួយបំពេញតម្រូវការ របស់អ្នកប្រើប្រាស់ ជាពិសេសកសិករក្នុងតំបន់ កសិឧស្សាហកម្ម ក្រុមហ៊ុនកែច្នៃម្ហូបអាហារក្រុមហ៊ុនឱសថ និងអាជីវកម្មបដិសណ្ឋារកិច្ច រួមមាន សណ្ឋាគារ/ភោជនីយដ្ឋាន។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧកញ៉ា ហ៊ុន ឡាក់ ដែលជាអ្នកនាំចេញទំនិញមួយរូបនោះ បានឲ្យដឹងថា ការវិនិយោគឃ្លាំងត្រជាក់ នៅកំពង់ផែស្វយ័តភ្នំពេញនេះ គឺយកតាមកម្រិតស្ដង់ដារខ្ពស់ ឲ្យត្រូវនឹងបរិបទនាពេលបច្ចុប្បន្ន។
ឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «ការវិនិយោគឃ្លាំងត្រជាក់នេះ មានចំនួនប៉ុន្មានហើយ ដែលកំពុងដំណើរការ ប៉ុន្ដែអ្វីដែលខាងកំពង់ផែស្វយ័តភ្នំពេញ កំពុងតែរៀបចំនោះ គឺយកតាមកម្រិតស្ដង់ដារខ្ពស់ ឲ្យត្រូវនឹងបរិបទនាពេលបច្ចុប្បន្ន»។
ឧកញ៉ា ហ៊ុន ឡាក់ បានឲ្យដឹងទៀតថា ទន្ទឹមនឹងនេះ ក៏មានក្រុមហ៊ុនមកពីប្រទេសចិន កំពុងតែរៀបចំសាងសង់ លើផ្លូវជាតិលេខ៤ ដើម្បីផ្ដល់នូវសេវាកម្ម ផ្ទេរផ្ទុក និងស្តុកទំនិញ ជាពិសេសផ្នែកខាងឃ្លាំងត្រជាក់ ទាំងនាំចូលនាំចេញផងដែរ។
ជាមួយគ្នានេះ ឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងអំពីបញ្ហាអគ្គិសនីផងដែរ បើសិនណាជាចំណាយលើថ្លៃភ្លើងទាប ធ្វើឲ្យការទុកដាក់ទំនិញ ត្រី សាច់ បន្លែ នៅក្នុងឃ្លាំងត្រជាក់ នឹងមានតម្លៃកាន់តែធូរថ្លៃ ដើម្បីប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង។
ឧកញ៉ា ហ៊ុន ឡាក់ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ការផ្ញើទំនិញផ្ទុកក្នុងឃ្លាំងត្រជាក់ ក្នុងប្រទេសកម្ពុជា នៅមានតម្លៃខ្ពស់ បើធៀបនឹងប្រទេសជិតខាង៕