(ភ្នំពេញ)៖ លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនរុករករ៉ែមាស ចំនួន៤បន្ថែមទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក អ៉ឹង ឌីប៊ូឡា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនរុករករ៉ែមាសចំនួន៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន»។
លោក អ៉ឹង ឌីប៊ូឡា បានឲ្យដឹងទៀតថា ក្នុងនោះ ៣ក្រុមហ៊ុនត្រូវបានវិនិយោគ ដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ និងមួយទៀតជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំងនៅខេត្តរតនគិរី នឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះ។
បើតាមអគ្គនាយកដ្ឋានធនធានរ៉ែ ការចាប់ផ្តើមការធ្វើអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុនទាំងនេះ នឹងចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈរាជរដ្ឋាភិបាល ទទួលបានចំណូលពីសួយសារ និងពន្ធអាករផ្សេងៗ និងបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងស្រុក។
លោក អ៉ឹង ឌីប៊ូឡា បានបញ្ជាក់ថា តាមការប៉ាន់ស្មានសក្តានុពលធនធានរ៉ែមាស នៅតំបន់វិនិយោគរបស់ក្រុមហ៊ុនទាំងនេះ មានទំហំតិចជាង គម្រោងវិនិយោគរបស់ក្រុមហ៊ុនអូស្ត្រាលី ស្ថិតនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនេះ។
គូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា កំពុងមានការដ្ឋានអាជីវកម្មរ៉ែមាស៧ទីតាំង នៅក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តក្រចេះ ០១ទីតាំង, ខេត្តព្រះវិហារ ០២ទីតាំង, ខេត្តមណ្ឌលគីរី ០២ទីតាំង, ខេត្តរតនគីរី ០១ទីតាំង និងខេត្តបាត់ដំបង០១ទីតាំង។
ក្នុងនោះមាន១ទីតាំង ក្នុងខេត្តមណ្ឌលគីរី បានចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាសហើយ ដែលវិនិយោគដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ជាក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលី ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា លើការរុករករ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា។
ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd គឺជាក្រុមហ៊ុនទី១ ដែលជាក្រុមហ៊ុនខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា។
ក្រុមហ៊ុននេះ បានចាប់ផ្ដើមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របស់ខ្លួន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕