(ភ្នំពេញ)៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា សម្រាប់វិស័យស្រូវអង្កររបស់កម្ពុជា ក្នុងឆ្នាំ២០២២នេះ ហាក់បង្ហាញសញ្ញាវិជ្ជមានច្រើនជាងបញ្ហាប្រឈម ដោយសហព័ព្ធស្រូវអង្ករ បានដាក់ផែនការនាំចេញយ៉ាងហោចណាស់ពី៧៥ម៉ឺនទៅ៨០ម៉ឺនតោន ខណៈឆ្នាំ២០២១នេះ ដោយវិបត្តិកូវីដ១៩ បានធ្វើឱ្យនាំចេញអង្ករថយចុះប្រមាណជាង១០%។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា វិស័យស្រូវអង្ករកម្ពុជានៅឆ្នាំ២០២២ មើលឃើញពីសញ្ញាវិជ្ជមានជាងការប្រឈម ដោយហេតុថា កម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយចិន ដោយប្រទេសនេះ បានផ្តល់កូតានាំចេញអង្ករចំនួន៤០ម៉ឺនតោន ស្របពេលដែលទីផ្សារអឺរ៉ុបនឹងបញ្ចប់ការយកពន្ធលើអង្ករកម្ពុជា ចាប់ពីចុងខែមករានេះផងដែរ។ ជាមួយគ្នានេះ ទីផ្សារនាំចេញផ្សេងៗទៀត រួមមាន អូស្ត្រាលី ហ្កាប៊ុង តួគី ជាដើម ក៏មានសញ្ញាកំណើនល្អផងដែរ។
លោកបានគូសបញ្ជាក់បន្ថែមថា «ផែនការឆ្នាំ ២០២២ គឺជាឆ្នាំស្តារស្ថានភាពបន្ទាប់ពីការធ្លាក់ចុះជាង១០% នៅក្នុងវិបត្តិកូវីដ២០២១ ដែលយើងរៀបចំផែនការឱ្យមានកំណើន លើបរិមាណឱ្យការនាំចេញកើនឡើងដល់ចន្លោះពី ៧៥ ទៅ៨០ម៉ឺនតោន ហើយ២០២៣ នឹងឈានសម្រេចបាន១លាន»។
លោកបន្ថែមថា សហព័ន្ធស្រូវអង្ករកម្ពុជា បានត្រៀមខ្លួនជាមួយសមាជិកសម្រាប់ឆ្នាំ២០២២ និង ២០២៣ ក្នុងការផ្សព្វផ្សាយ និង ការជំរុញការលក់នៅលើទីផ្សារអន្តរជាតិ តាមរយៈការចូលតាំងពិព័រណ៍ ការធ្វើទស្សនកិច្ចជួបផ្ទាល់ជាមួយអ្នកទិញ និងធ្វើការផ្ទាល់ជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចរចារផ្ទាល់ជាមួយប្រទេសនាំចូល ដូចជាចិន ទីម័រខាងកើត និងបណ្តារប្រទេសមួយចំនួនទៀត។
តែយ៉ាងនេះក្តី លោកថា បើទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ចូលជាធរមានកាលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ក៏ពិតមែន តែកិច្ចព្រមព្រៀងទាំងពីរនេះ ហាក់មិនបានផ្តល់ផលប្រយោជន៍ ដល់ការនាំចេញអង្ករនោះទេ ដោយសារកិច្ចព្រមព្រៀងសេរីទាំងអស់ជាទូទៅ គឺមិនដាក់ចូលនៅទំនិញដែលមានលក្ខណៈរសើប (sensitive) លើការផលិត និងការផ្គត់ផ្គង់ដល់សន្តិសុខស្បៀងដូចជាអង្ករ ស្រូវសាលី...នោះទេ ដោយត្រូវអនុវត្តន៍តាមគោលកាលរួម នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោក WTO ដោយកំណត់យកប្រព័ន្ធកំណត់បរិមាណនាំចូល សមស្របហៅថា TRQ (Tariff Rate Quota)។
តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលពីការនាំចេញអង្ករបានជាង ៥២៧លាន ដុល្លារអាមេរិក ដោយបាន នាំចេញចំនួន៦១ ម៉ឺនតោនថយចុះ ១០,៦៨% បើធៀបនឹងបរិមាណនាំចេញក្នុងឆ្នាំ២០២០។ រីឯការនាំចេញស្រូវវិញ បានជាង៣.៥លានតោនកើនឡើង៦១.១៦% ដោយទទួលបានចំណូលជាង៦៣១លានដុល្លារ៕