(ប៉េកាំង)៖ អ្នកជំនាញបានឱ្យដឹងថា ការផ្គត់ផ្គង់ធ្យូងថ្មនៅប្រទេសចិន នឹងទទួលរងផលប៉ះពាល់តិចតួចពីការហាមឃាត់ការនាំចេញធ្យូងថ្មរយៈពេល ១ខែរបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រភពនាំចូលធ្យូងថ្មធំបំផុតរបស់ប្រទេសចិន។ នេះបើយោងតាមកាសែត Global Times របស់ចិន។

ការលើកឡើងដូច្នេះដោយសម្អាងលើបរិមាណនាំចូលតិចធៀបនឹងទិន្នផលក្នុងស្រុក ស្របពេលដែលផលិតកម្មធ្យូងថ្មរបស់ចិនត្រូវបានពង្រីករួចហើយ និងមានស្ថិរភាពនៅពេលនេះ។

កាសែត Global Times បានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីកាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានហាមឃាត់ការនាំចេញធ្យូងថ្មនៅខែមករានេះ ដោយលើកឡើងពីក្តីបារម្ភថា ការផ្គត់ផ្គង់មិនគ្រប់គ្រាន់នៅរោងចក្រថាមពលអគ្គិនសីដោយដោយធ្យូងថ្មក្នុងស្រុកអាចបង្កឱ្យមានការដាច់ចរន្តអគ្គិសនីខ្លាំង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសឥណ្ឌូនេស៊ីមានគោលនយោបាយមួយដែលហៅថា គោលនយោបាយកាតព្វកិច្ចទីផ្សារក្នុងស្រុក ដែលច្បាប់នេះតម្រូវឱ្យក្រុមហ៊ុនរ៉ែធ្យូងថ្មផ្គត់ផ្គង់ ២៥ភាគរយនៃផលិតកម្មប្រចាំឆ្នាំរបស់ពួកគេទៅឱ្យក្រុមហ៊ុនអគ្គិសនីរដ្ឋ Perusahaan Listrik Negara ក្នុងតម្លៃអតិបរមា ៧០ដុល្លារក្នុងមួយតោន ដែលទាបជាងតម្លៃទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន។

លោក Lin Boqiang នាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចថាមពលនៅសាកលវិទ្យាល័យ Xiamen University បានប្រាប់កាសែត Global Times ថា ការហាមឃាត់នាំចេញបណ្តោះអាសន្ននេះទំនងជាបង្កឱ្យមានការកើនឡើងតម្លៃធ្យូងថ្ម ហើយធ្វើឱ្យប៉ះពាល់ដល់ទីផ្សរធ្យួងថ្មពិភពលោកក្នុងរយៈពេលខ្លីដោយសារឥណ្ឌូនេស៊ី គឺជាប្រទេសនាំចេញធ្យូងថ្មធំបំផុតក្នុងពិភពលោក។

លោក Lin បន្ថែមថា ផលប៉ះពាល់ទៅលើការផ្គត់ផ្គង់ធ្យូងថ្មរបស់ប្រទេសចិន នឹងមានកម្រិត ហើយអាចគ្រប់គ្រងបាន ដោយសារការផ្គត់ផ្គង់របស់ពឹងផ្អែកយ៉ាងខ្លាំងលើទិន្នផលក្នុងស្រុកដោយសារការនាំចូលមានត្រឹមតែប្រហែល ១០ភាគរយប៉ុណ្ណោះ។

ទិន្នន័យពីរដ្ឋបាលទូទៅគយរបស់ប្រទេសចិន បង្ហាញថា ចិនបាននាំចូលធ្យូងថ្ម ២៩០លានតោនចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំ២០២១ ហើយឥណ្ឌូនេស៊ីបានផ្គង់ផ្គង់ប្រហែល ៦១ភាគរយនៃទំហំនាំចូលនេះ។

លោក Zhang Jinming ដែលជាអ្នកវិភាគខាងធ្យូងថ្មប្រចាំក្រុមហ៊ុន Guosheng Securities បានប្រាប់កាសែត Global Times ថា កង្វះធ្យូងថ្មដោយសារការហាមនាំចេញរបស់ឥណ្ឌូនេស៊ីនឹងកាត់បន្ថយការផ្គត់ផ្គង់ធ្យូងថ្មរបស់ចិនចំនួន ៥,៣ភាគរយ។

លោក Zhang បានថ្លែងថា វានឹងមានការលំបាកសម្រាប់ប្រទេសផ្សេងទៀតដើម្បីស្វែងរកធ្យូងថ្មមកបំពេញជំនួសការហាមឃាត់នាំចេញនេះក្នុងរយៈពេខ្លី ដោយសារធ្យូងថ្មរបស់អូស្រ្តាលីនៅរឹតបន្តឹងនៅឡើយ ហើយការនាំចូលពីប្រទេសផ្សេងទៀតដូចជារុស្ស៊ីនៅមានកម្រិត៕