(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្ដងើបឡើង ក្នុងអត្រា៥ភាគរយ ក្នុងឆ្នាំ២០២២។
របាយការណ៍ស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២» របស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គាំទ្រដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការនាំចេញផលិតផលគ្រឿងបង្គុំអគ្គិសនី និងកង់ ដែលនឹងលើកកម្ពស់ពិពិធកម្មការនាំចេញរបស់កម្ពុជា។
វិស័យសំណង់ និងអចលនទ្រព្យរំពឹងថា នឹងកើនឡើងជាសន្សឹមៗ ដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងលំហូរចូលទុនវិនិយោគមកកម្ពុជា។ ចំពោះវិស័យកសិកម្មដែលស្របយកកម្លាំងការងារជិត១/៣ នៃកម្លាំងការងារសរុបត្រូវបានរំពឹងថា នឹងបន្តមានកំណើនល្អជាងឆ្នាំ២០២១។
ធនាគារជាតិនៃកម្ពុជាបានបន្តថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េខាងត្បូង នឹងបន្តបង្កើនសក្តានុពលនៃវិស័យកសិកម្ម ជាពិសេសកសិកម្មកែច្នៃ និងកសិ-ឧស្សាហកម្ម។ ម្យ៉ាងទៀតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងរវាងប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរី (អូស្ត្រាលី នូវែលសេឡង់ ចិន កូរ៉េខាងត្បូង និងជប៉ុន) ក៏នឹងត្រូវចូលជាធរមាននៅដើមឆ្នាំ២០២២ ដែលនឹងផ្តល់កាលានុវត្តភាព សម្រាប់ការធ្វើពាណិជ្ជកម្មសេវា និងទំនិញ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ជាមួយនឹងការបើកសេដ្ឋកិច្ចឡើងវិញ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុករួមមាន ពាណិជ្ជកម្មដុំ-រាយ ទូរគមនាគមន៍ និងការដឹកជញ្ជូន និងទេសចរក្នុងស្រុករំពឹងថា កើនឡើងជាលំដាប់ ខណៈដែលទេសចរអន្តរជាតិអាចកើនសន្សឹមៗ និងទាមទារពេលវេលា និងកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យវិស័យនេះមានកំណើនដូចគ្រាមុនវិបត្តិ។
ការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងមានឥទ្ធិពលវិជ្ជមាន លើភាពប្រសើរឡើងនៃវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាគាំទ្រផ្សេងៗ។ ដោយឡែកការវិលត្រលប់មកវិញ របស់ពលករធ្វើការនៅក្រៅប្រទេសដែលទទួលបានការបណ្តុះបណ្តាល និងបទពិសោធន៍បាននិងកំពុងរួមចំណែកលើកកម្ពស់ផលិតភាព និងផលិតកម្មក្នុងស្រុក ជាពិសេសក្នុងវិស័យកសិកម្ម និងសិប្បកម្មជាដើម។
ភាពប្រសើរឡើងជាលំដាប់នៃសេដ្ឋកិច្ច នឹងគាំទ្រដល់ចំណូលរបស់រាជរដ្ឋាភិបាល គរពូនទ្រនាប់សារពើពន្ធ និងជាពិសេសជំរុញការវិនិយោគសាធារណៈ ដែលនឹងផ្តល់ត្រឡប់មកវិញនូវផលប្រយោជន៍ សម្រាប់កំណើនរយៈពេលវែង។
អតិផរណារួមសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករថា នឹងមានអត្រា២,៦%ដោយសារកំណើនទាបនៃ ក្រុមម្ហូបអាហារដែលជំរុញ ដោយភាពប្រសើរឡើង នៃការផ្គត់ផ្គង់ និងការថមថយកំណើនថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈហើយអត្រាប្តូរប្រាក់ផ្លូវការ បន្តមានស្ថិរភាពក្នុងរង្វង់៤.០៧៥ រៀលក្នុងមួយដុល្លារអាមេរិក។
សម្រាប់ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា នឹងបន្តដាក់ចេញគោលនយោបាយគាំទ្រនានា សំដៅបន្តពង្រឹងការចូលរួមរបស់ប្រព័ន្ធធនាគារ ក្នុងការគាំទ្រការងើបឡើងវិញ នៃសេដ្ឋកិច្ចព្រមទាំងរក្សាស្ថិរភាពថ្លៃ និងហិរញ្ញវត្ថុ។ ទន្ទឹមនឹងការផ្តល់នូវកាលានុវត្តភាព នៃឌីជីថលូបនីយកម្មដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ប្រព័ន្ធធនាគារនឹងចាប់យកឱកាសនៃ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដើម្បីធ្វើទំនើបកម្មសេវា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ស្របតាមគន្លងប្រក្រតីថ្មី និងដើម្បីរួមចំណែកគាំទ្រក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល២០២១ -២០៣៥របស់រាជរដ្ឋាភិបាល៕