(ភ្នំពេញ)៖ អ្នកផលិតទឹកត្រីកំពត កំពុងរៀបចំខ្លួនជាបណ្តើរៗ ក្នុងការផលិតទឹកត្រីឱ្យស្របតាមស្តង់ដារអនាម័យ ដើម្បីធ្វើការនាំចេញទៅទីផ្សារអន្តរជាតិនាពេលមុខ ខណៈបច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្ម កំពុងសិក្សាពិនិត្យលទ្ធភាព ចុះបញ្ជីទឹកត្រីកំពត ជាផលិតផលមានម៉ាកសម្គាល់ភូមិសាស្រ្ត (GI) នាពេលខាងមុខ ។
ឧកញ៉ា ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រីអ៊ឺឆេ ង៉ូវហេង កំពត បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែធ្នូនេះថា ស្របពេលដែលក្រសួងពាណិជ្ជកម្ម គ្រោងចុះបញ្ជីផលិតផលទឹកត្រីកំពត ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីឱ្យផលិតផលទឹកត្រីនៅក្នុងខេត្តនេះ មានការទទួលស្គាល់កាន់តែច្រើន ក៏ដូចជាផ្តល់ភាពងាយស្រួលការនាំចេញ បានជំរុញឱ្យក្រុមហ៊ុនរបស់លោកត្រូវត្រៀមលក្ខណៈជាមុន ទាំងរបៀបនៃការផលិត និងបរិមាណ ដើម្បីឱ្យស្របតាមស្តង់ដារអនាម័យ សម្រាប់ធ្វើការនាំចេញទៅទីផ្សារអន្តរជាតិនាពេលខាងមុន។
លោកបន្ថែមថា ក្រោយពីដាក់បញ្ជូលជាផលិតផល GI នឹងធ្វើឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយជាងមុន ដែលនឹងធ្វើឱ្យការនាំចេញផលិតផលខ្មែរមួយប្រភេទនេះ នាំចេញទៅទីផ្សារក្រៅស្រុកបានកាន់តែងាយស្រួល។
លោកបន្តថា បច្ចុប្បន្នការផលិតទឹកត្រី មិនទាន់បាននាំចេញទៅកាន់ទីផ្សារក្រៅស្រុកនៅឡើយទេ ដោយសារនៅផលិតតាមធម្មជាតិ ដោយក្នុងមួយឆ្នាំៗ ផលិតបានក្នុងបរិមាណពី១០ម៉ឺនលីត្រ ទៅ២០ម៉ឺនលីត្រ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «សព្វថ្ងៃយើងផ្គត់ផ្គង់តែក្នុងស្រុកទេ យើងអត់ទាន់នាំចេញទេ ដោយសារយើងខ្វះខាត ធម្មតាទឹកត្រីដែលយើងធ្វើពីលក្ខណៈជាតិ វាត្រូវការពេលវេលា ត្រូវការផលិតនៅក្នុងបន្ទុំមួយឆ្នាំ បានយើងយកមកផលិតបាន ហើយអីចឹងយើងត្រូវការពាក់ព័ន្ធនឹងសម្ភារៈវេចខ្ចប់ និងអនាម័យ ស្តង់ដារដើម្បីធ្វើម៉េចប្រកួតប្រជែងក្នុងទីផ្សារ។ យើងគិតថាអាចរៀបចំខ្លួនទៅឥឡូវឱ្យហើយ យើងអាចមាន GI អីទៅ យើងមានការនាំចេញ ដោយសារយើងពឹងផ្អែកទៅលើទីផ្សារជាក់ស្តែង ព្រោះសព្វថ្ងៃនេះទើបរួចពីកូវីដ ធ្វើឱ្យប៉ះពាល់ទីផ្សារយើងមួយចំនួនដែរ។ ដើម្បីនាំចេញយើងត្រូវាចាប់ផ្តើមអ្វីស្ថិតលើជាក់ស្តែង អ្វីដែលយើងអាចធ្វើទៅ បាន»។
លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា បច្ចុប្បន្ន ក្រុមការងារបានរៀបចំនិតិវិធី ដើម្បីដាក់ផលិតផលទឹកត្រីកំពតជាទំនិញម៉ាកសម្គាល់ភូមិសាស្រ្ត តាមរយៈការចុះប្រមូលព័ត៌មាន និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធដូចជា ផលិតករ សមាគម អាជីករជាដើម ដើម្បីចងក្រងសៀវភៅបន្ទុក និងបង្កើតសមាគមដែលមានវិជ្ជាជីវៈ។
លោកបានពន្យល់ហេតុផល ដែលនាំឱ្យក្រសួងកំណត់ផលិតផលទឹកត្រីកំពតជាទំនិញ GI យ៉ាងដូច្នេះថា «កម្ពុជាជាប្រទេសមួយដែល សំបូរផលិតផលនេសាទ ហើយយើងឃើញថាទឹកត្រីកំពត ជាផលិតផលដែលមានកេរ្តិ៍ល្បី ដោយផ្អែកលើទីតាំងភូមិសាស្រ្តរបៀបផលិតផ្សេងៗ ដោយសារលក្ខណៈសម្បត្តិនេះហើយ ដែលកំណត់ថាចុះឈ្មោះទឹកត្រីកំពត។ ទី១ យើងនឹងបង្កើនតម្លៃនៃទឹកត្រីកំពត ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក លើសពីនោះយើងអភិរក្សជំនាញរបៀបផលិតប្រពៃណីវប្បធម៌ទាំងអស់ នៅក្នុងការផលិត សង្ឃឹមថាទឹកត្រីម៉ាកសម្គាល់ភូមិសាស្រ្តកំពត នឹងអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង ក្នុងការនាំចេញទៅប្រទេសខាងក្រៅ។
ទឹកត្រីកំពត ត្រូវផលិត និងមានកេរ្តិ៍ឈ្មោះតាំងពីអំឡុងឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្រ្តនិយមមកម្លេះ ហើយត្រូវបានឈប់ផលិត និងបាត់កេរ្តិ៍ឈ្មោះអំឡុងសម័យខ្មែរក្រហម។ ក្រោយមកទើបមានការស្រាវជ្រាវ និងរៀបចំផលិតឡើងវិញនៅឆ្នាំ១៩៩៥ ជាលក្ខណៈគ្រួសារ ដោយលក់ក្នុងស្រុក និងភ្ញៀវទេសចរ ដោយប្រកួតប្រជែងទីផ្សារជាមួយទឹកត្រីនាំចូលពីប្រទេសជិតខាងដូចជាថៃ និងវៀតណាម។
បន្ទាប់ពីមានការផ្សព្វផ្សាយ និងការទទួលស្គាល់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់ទឹកត្រីកំពតនោះ បានធ្វើឱ្យផលិតផលខ្មែរមួយប្រភេទនេះ ដណ្តើមចំណែកទីផ្សារក្នុងស្រុកបានខ្លះវិញ។ នេះបើតាមលើកឡើងរបស់ អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រីអ៊ឺឆេ ង៉ូវហេង កំពត។
លោករំពឹងថា នៅពេលទឹកត្រីកំពតចូលជាប្រភេទទំនិញសម្គាល់ភូមិសាស្រ្ត នឹងធ្វើឱ្យទឹកត្រីដណ្តើមចំណែកទីផ្សារពីទឹកត្រីនាំចូល បានលើសពី៥០% ៕