(ប៉េកាំង)៖ អ្នកជំនាញចិនបានរិះគន់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលបានផ្សាយកុហក់ជាច្រើនដងអំពីករណីដែលថា ក្រុមហ៊ុនចិន «ចូលកាន់កាប់» ព្រលានយន្តហោះរបស់ប្រទេសអ៊ូហ្គង់ដា។ នេះបើយោងតាមកាសែត Global Times របស់ចិន។
កាសែត Global Times បានរាយការណ៍ថា បើទោះជាអាជ្ញាធររបស់ប្រទេសអ៊ូហ្គង់ដា និងស្ថានទូតចិនប្រចាំប្រទេសអ៊ូហ្គង់ដា កាលពីខែវិច្ឆិកាបានទាត់ចោលការអះអាងនេះក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន រួមទាំងកាសែត Wall Street Journal ផងដែរនោះនៅតែប្រើប្រាស់រឿងនេះដើម្បីទម្លាក់កំហុសមកលើគម្រោងអភិវឌ្ឍន៍ដែលផ្តល់មូលនិធិដោយប្រទេសចិននៅទ្វីបអាហ្វ្រិក។
លោក Zhou Yuyuan អ្នកស្រាវជ្រាវជាន់ខ្ពស់ប្រចាំមជ្ឈមណ្ឌលសិក្សាអាស៊ីខាងលិច និងអាហ្រ្វិក ដែលស្ថិតក្រោមវិទ្យាស្ថានស៊ាងហៃសម្រាប់ការសិក្សាអន្តរជាតិបានប្រាប់កាសែត Global Times នៅថ្ងៃពុធថា ប្រព័ន្ធផ្សព្វផ្សាយបរទេសថ្មីៗនេះបានជ្រើសរើសយកមាគ៌ាចាស់របស់ពួកគេ ដែលត្រូវបានប្រើប្រាស់ដើម្បីនិយាយប្រែក្លាយជំនួយក្រៅប្រទេសរបស់ចិនឱ្យក្លាយជារឿងនយោបាយ និងមួលបង្កាច់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ចិន។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសអ៊ូហ្កង់ដា បានថ្លែងកន្លងមកថា ការចោទប្រកាន់បង្កាច់កេរ្តិ៍ថា «ប្រទេសអ៊ូហ្កង់ដាប្រគល់ទ្រព្យសំខាន់ៗដើម្បីទទួលបានសាច់ប្រាក់ពីប្រទេសចិន» មិនមានមូលដ្ឋានការពិតឡើយ ហើយជាបំណងមិនល្អ ដើម្បីបង្ខូចទំនាក់ទំនងល្អដែលប្រទេសចិនមានជាមួយប្រទេសកំពុងអភិវឌ្ឍន៍នានា រួមទាំងប្រទេសអ៊ូហ្កង់ដាផងដែរ។
លោក Vianney M. Luggya អ្នកនាំពាក្យរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសអ៊ូហ្កង់ដា (UCAA) ក៏បានថ្លែងកាលពីខែវិច្ឆិកាផងដែរថា៖ «ខ្ញុំសូមនិយាយឱ្យច្បាស់ថា ការចោទប្រកាន់ថា ព្រលានយន្តហោះ Entebbe ត្រូវបានឱ្យគេជាថ្នូរនឹងប្រាក់ គឺជារឿងមិនពិតឡើយ។ រដ្ឋាភិបាលអ៊ូហ្កង់ដាមិនអាចឱ្យទ្រព្យសម្បត្តិជាតិបែបនេះទៅគេឡើយ។ យើងបាននិយាយរឿងនេះហើយពីមុន ហើយលើកឡើងដដែលថា វាមិនបានកើតឡើងទេ។ វាមិនមែនជាការពិតឡើយ»។
លោក Zhou បានកត់សម្គាល់ថា ប្រទេសលោកខាងលិចភាគច្រើនមិនអាចតាមទាន់ប្រទេសចិនទាក់ទងនឹងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានន័យថា ពួកគេមានការប្រកួតប្រជែងតិចជាងបើធៀបជាមួយចិន។
របាយការណ៍ Refinitiv បានឱ្យដឹងថា គំនិតផ្តួចផ្តើមខ្សែប្រវាត់មួយផ្លូវមួយ (BRI) ដែលស្នើឡើងដោយប្រទេសចិន បានអនុវត្តគម្រោងប្រហែល ៣.៦០០គម្រោង ដែលមានតម្លៃ ៤ទ្រីលានដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២០។ នេះបើយោងតាមកាសែត Global Times៕