(សិង្ហបុរី)៖ កំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីត្រូវបានរំពឹងថានឹងថមថយសន្ទុះនៅត្រីមាសទី៤ មួយផ្នែកដោយសារភាពមិនប្រាកដប្រជាដែលបង្កឡើងដោយវីរុសអូមីក្រុង ហើយអ្នកវិភាគបានឱ្យដឹងថា ចក្ខុវិស័យសម្រាប់ឆ្នាំក្រោយនឹងផ្អែកលើវឌ្ឍនភាពសេដ្ឋកិច្ចសកល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
យោងតាមការព្យាករជាមធ្យមរបស់សេដ្ឋវិទូក្នុងការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ត្រូវបានគេមើលឃើញថានឹងកើនឡើង ៥,៤ភាគរយនៅត្រីមាសទី៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅត្រីមាសទីបី សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើង ៧,១ភាគរយ។
ដោយលើកឡើងពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញកាលពីឆ្នាំមុនពីការធ្លាក់ដុះដោយសារការរាតត្បាតជំងឺកូវីដ-១៩ លោក Brian Tan សេដ្ឋវិទូប្រចាំតំបន់មកពីធនាគារ Barclays បានឱ្យដឹងក្នុងរបាយការណ៍មួយថា៖ «ការធ្លាក់ចុះអត្រាកំណើនប្រចាំឆ្នាំថ្មីធៀបនឹងឆ្នាំចាស់ មួយផ្នែកធំកើតឡើងដោយសារឥទ្ធិពលមូលដ្ឋានមិនអំណោយផល»។ លោកមើលឃើញថា កំណើនសេដ្ឋកិច្ចរួមសម្រាប់ឆ្នាំ២០២១ មានអត្រា ៦,៨ភាគរយ។
យោងតាមការព្យាករផ្លូវការបានឱ្យដឹងថា សេដ្ឋកិច្ចសិង្ហបុរីទំនងជាកើនឡើងក្នុងអត្រាប្រហែល ៧ភាគរយនៅឆ្នាំ២០២១ និងចន្លោះពី ៣ ទៅ ៥ភាគរយក្នុងឆ្នាំ២០២២។
កំណើនសេដ្ឋកិច្ចរបស់បុរីរដ្ឋមួយនេះបាននិងកំពុងកើនឡើងនៅឆ្នាំនេះពីការរងគ្រោះដោយសារការរឹតបន្តឹងនានាពាក់ព័ន្ធនឹងជំងឺកូវីដ និងការធ្លាក់ចុះសេដ្ឋកិច្ចសកល ខណៈដែលប្រទេសនានានៅជុំវិញពិភពលោកបានផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ពួកគេឆ្ពោះមករកការរស់នៅជាមួយនឹងវីរុសកូរ៉ូណា។
ទោះជាយ៉ាងណា ប្រទេសដែលជាមជ្ឈមណ្ឌលទេសចរណ៍មួយនេះបានផ្អាកការលក់សំបុត្រសម្រាប់ជើងហោះហើរ និងសំបុត្ររថយន្តក្រុងចូលក្នុងប្រទេសរបស់ខ្លួនស្ថិតក្រោមកម្មវិធីធ្វើដំណើរមិនធ្វើចត្តាឡីស័កកាលពីសប្តាហ៍មុន ខណៈវីរុសអូមីក្រុងកំពុងរាតត្បាត៕