(គូឡាឡាំពួ)៖ ក្រុមហ៊ុន Petronas ដែលជាក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួនរំពឹងថា ការស្ទុះងើបឡើងវិញនៃតម្រូវការប្រេងពីផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ-១៩ នៅតែមានភាពផុយស្រួយ និងមិនប្រាកដប្រាជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីចក្ខុវិស័យសកម្មភាពរបស់ក្រុមហ៊ុន Petronas ឆ្នាំ២០២២-២០២៤ ដែលបានចេញផ្សាយនៅថ្ងៃអង្គារថា៖ «វិថីឆ្ពោះទៅការស្ទុះងើបឡើងវិញនៃតម្រូវការប្រេងប្រកបដោយនិរន្តរភាពនៅតែមានភាពផុយស្រួយ និងមិនប្រាកដប្រជា ដោយសារការលេចឡើងវីរុសកូវីដ-១៩ ប្រភេទថ្មីៗ ដែលជំរុញឱ្យមានរលកថ្មីនៃការបិទខ្ទប់»។

ក្រុមហ៊ុន Petronas បានបន្តថា អ្នកនៅក្នុងឧស្សាហកម្មប្រេងមានសុទិដ្ឋិនិយមអំពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ប៉ុន្តែនៅតែមានភាពប្រុងប្រយ័ត្ន។ ក្រុមហ៊ុន Petronas បានបន្ថែមថា៖ «វិធីសាស្រ្តកាន់តែឆ្លាតវៃនឹងជួយពង្រឹងកិច្ចប្រឹងប្រែងរួមគ្នា និងត្រូវត្រៀមរួចជាស្រេចដើម្បីទប់ទល់នឹងភាពប្រែប្រួលខ្លាំងនៃតម្លៃប្រេង»។

ក្រុមហ៊ុន Petronas បានឱ្យដឹងថា ក្រោយឆ្នាំ២០២៤ ខ្លួនមើលឃើញចក្ខុវិស័យវិជ្ជមានសម្រាប់សកម្មភាពខួងប្រេង ខណៈដែលបន្តពង្រឹង និងបង្កើនសមត្ថភាព។

តម្លៃប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានឡើងថ្លៃ ៧សេន ឬ ០,១ភាគរយដល់ ៧៨,៦៧ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃអង្គារ ខណៈដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិក ឡើងថ្លៃ ១៨សេន ឬ ០,២ភាគរយដល់ ៧៥,៧៥ដុល្លារក្នុងមួយបារ៉ែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕