(ភ្នំពេញ)៖ ក្រុមហ៊ុនហ្គ្រីនត្រេដរបស់ក្រសួងពាណិជ្ជកម្ម ដែលមានតួនាទីរក្សាទុក ស្តុកស្បៀងត្រៀមបម្រុងជាអង្ករ និងផ្គត់ផ្គង់ក្នុងពេលមានករណីបន្ទាន់, នៅឆ្នាំ២០២២ខាងមុខនេះ បានដាក់ផែនការត្រៀមទិញអង្ករចូល ៤ ៧០០តោន ដែលមានទឹកប្រាក់ ១០ ៣២០ ១១០ ០០០រៀល ឬប្រមាណជាង២.៥លានដុល្លារ សម្រាប់ត្រៀមជាស្បៀងទុកផ្គត់ផ្គង់តម្រូវការ ក្នុងពេលចាំបាច់។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។
ជាមួយគ្នានេះ នៅឆ្នាំ២០២២ខាងមុខ ក្រុមហ៊ុននេះ គ្រោងលក់អង្ករចេញក្នុងបរិមាណ ៤ ៧០០តោន ដែលអាចទទួលបានទឹកប្រាក់សរុបចំនួន១១ ២៥៧ ៥៧៥ ០០០ រៀល ឬប្រមាណជាង២.៨លានដុល្លារផងដែរ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា «ក្រុមហ៊ុនហ្គ្រីនត្រេដ ត្រូវបានអនុញ្ញាតឱ្យរក្សាទុកសន្និធិស្តុកស្បៀងត្រៀមបម្រុងជាអង្ករ ត្រឹមចំនួន ៣ ០០០តោន នៅឃ្លាំងស្តុកក្រុមហ៊ុនហ្គ្រីនត្រេដ ដោយឡែកសន្និធិស្បៀងបម្រុង ជាយុទ្ធសាស្រ្តផ្សេងទៀតជារូបវ័ន្តត្រូវរក្សាទុកក្នុងក្រុមហ៊ុនផ្គត់ផ្គង់ជាដៃគូ ដែលអាចផ្គត់ផ្គង់បានទាន់ពេលវេលា ក្នុងករណីមានតម្រូវការប្រើប្រាស់ពីរាជរដ្ឋាភិបាល»។
ក្រសួងពាណិជ្ជកម្មបន្តថា ថវិកាទ្រទ្រង់ស្តុកត្រៀមបម្រុងយុទ្ធសាស្រ្តជាអង្ករឆ្នាំ២០២២ រាជរដ្ឋាភិបាលបានផ្អាក ក្នុងការផ្តល់កញ្ចប់ថវិកាទិញប្រចាំឆ្នាំ ជូនក្រុមហ៊ុនហ្គ្រីនត្រេដ ដោយរក្សាទុកសន្និធិស្បៀងបម្រុងជាសាច់ប្រាក់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ទិញអង្ករប្រើប្រាស់ ក្នុងករណីមានការប្រើប្រាស់ជាបន្ទាន់។
សូមជម្រាបថា កាលពីឆ្នាំ២០២១ ក្នុងពេលដែលរាជធានីភ្នំពេញបានបិទខ្ទប់ ក្រុមហ៊ុនហ្គ្រីនត្រេដរបស់ក្រសួងពាណិជ្ជកម្ម បានចេញលក់អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃទាបជាងទីផ្សារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ការឡើងថ្លៃអង្ករផងដែរ៕