(ភ្នំពេញ)៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម រកចំណូលបានប្រមាណ១៣លានដុល្លារ ស្មើនឹង១២៥.៤៨% ធៀបនឹងផែនការ ថវិកាឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២១ របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍បានសរសេរយ៉ាងដូច្នេះថា «គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្ម ប្រមូលចំណូលសរុបបានចំនួន ៥៣,០១៩.៧លានរៀល (ប្រមាណ១៣លានដុល្លារ) ស្មើនឹង១២៥.៤៨% ធៀបនឹងផែនការថវិកាឆ្នាំ២០២១ ចំនួន ៤២,២៥៤.៥ លានរៀល (ប្រមាណ១០លានដុល្លារ)»។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ចំណូលដែលក្រសួងប្រមូលបានគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងនោះ រួមមាន៖ ចំណូលកម្រៃសេវា សាធារណៈ និងការពិន័យជាប្រាក់៖
* វិញ្ញាបនបត្រប្រភពដើមទំនិញ ការចេញអាជ្ញាបណ្ណ និងសេវាពាក់ព័ន្ធ៖ ២៦,៨៣៦.៣លានរៀល
* ការចុះបញ្ជីម៉ាក និងសេវាពាក់ព័ន្ធ៖ ៨,៥៥០.៥លានរៀល
* ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធ៖ ១៤,២៩២.៩លានរៀល
* ការតម្កល់លិខិតជូនដំណឹងមានកិច្ចធានា៖ ៣៧១.៧លានរៀល
* កិច្ចការពិព័រណ៍៖ ២.៨លានរៀល
* អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ៖ ១,៨៦៨.១លានរៀល
ចំណូលកិច្ចសន្យា៖
* ការជួលដីទំនេរ៖ ៥៦៨.៦លានរៀល
* ការជួលដីមានអគារ៖ ៥២៨.៨លានរៀល។
ដោយឡែកចំពោះការចំណាយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងពាណិជ្ជកម្មចំណាយថវិកា សរុបអស់ចំនួន ៧២,០៥១.៨លានរៀល (ប្រមាណ១៧លានដុល្លារ) ស្មើនឹង ៧០.០៨% ធៀបនឹងផែនការថវិកាឆ្នាំ២០២១ ចំនួន១០២,៨១៥.០លានរៀល (ប្រមាណ២៥លានដុល្លារ)។
របាយការណ៍ក្រសួង បានបញ្ជាក់ថា រាល់ចំណូល-ចំណាយទាំងអស់ របស់ក្រសួងពាណិជ្ជកម្ម ត្រូវបានបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងចំណូល មិនមែនសារពើពន្ធ (NRMIS) និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាប្រចាំ៕